ប្រែសម្រួល៖ រតនា
យោងតាមរបាយការណ៍ប៉ូលិស បានបង្ហាញពីព័ត៌មានលម្អិតថ្មីៗស្តីពីការចោទប្រកាន់ពីការរំលោភផ្លូវភេទប្រឆាំងនឹងបេក្ខជនរដ្ឋមន្ត្រីការពារជាតិរបស់លោក Trump។
ស្ត្រីម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ាបានប្រាប់ប៉ូលិសថា ជនជាប់ចោទ Pete Hegseth បានរារាំងរូបនាងមិនឱ្យចេញពីបន្ទប់សណ្ឋាគារ យកទូរសព្ទរបស់នាង ហើយបន្ទាប់មកបានរំលោភផ្លូវភេទលើនាង ទោះបីជានាង “ចាំថាបាននិយាយ ‘ទេ’ ច្រើនដង” ដូចដែលបានបង្ហាញក្នុងរបាយការណ៍ប៉ូលិសដែល CNN ទទួលបាន។
របាយការណ៍ចំនួន ២២ ទំព័រ ដែលត្រូវបានចេញផ្សាយដោយការិយាល័យមេធាវីក្រុងម៉ុងតឺរី រដ្ឋកាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃពុធ ក្នុងការឆ្លើយតបទៅនឹងសំណើសុំឯកសារសាធារណៈ បានរៀបរាប់ពីរឿងរ៉ាវផ្ទុយគ្នានៃអ្វីដែលបានកើតឡើងក្នុងព័ត៌មានលម្អិតថ្មី រួមទាំងការរៀបរាប់ផ្ទុយគ្នាអំពីកម្រិតស្រវឹងរបស់លោក Hegseth និងស្ត្រីរូបនោះ ព្រមទាំងការពិពណ៌នាអំពីវីដេអូឃ្លាំមើលដែលបង្ហាញពីចលនាខ្លះរបស់ពួកគេនៅយប់នោះ។
លោក Hegseth ដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានស្នើឈ្មោះជាបេក្ខជនរដ្ឋមន្ត្រីការពារជាតិ បានប្រាប់ប៉ូលិសថា ការជួបគ្នារបស់ពួកគេគឺដោយការព្រមព្រៀងគ្នា ហើយគាត់បានធានាច្រើនដងថាស្ត្រីរូបនោះ “មានអារម្មណ៍ស្រួលជាមួយនឹងអ្វីដែលកំពុងកើតឡើងរវាងពួកគេទាំងពីរនាក់។”
ប្រាំពីរឆ្នាំក្រោយការចោទប្រកាន់ពីការរំលោភបំពាន សំណួរអំពីហេតុការណ៍ដែលបានកើតឡើងនៅយប់នោះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការតែងតាំងរបស់លោក Hegseth ហើយទំនងជានឹងក្លាយជាប្រធានបទសំខាន់ក្នុងសវនាការបញ្ជាក់ការតែងតាំងខាងមុខរបស់គាត់។
លោក Hegseth មិនត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការចោទប្រកាន់នេះទេ។ មេធាវីរបស់គាត់បានទទួលស្គាល់ថា លោក Hegseth ក្រោយមកបានចុះកិច្ចព្រមព្រៀងដោះស្រាយជាមួយអ្នកចោទប្រកាន់ ដែលរួមមានការទូទាត់ប្រាក់ដែលមិនបានបង្ហាញ និងខសម្ងាត់។ ទោះបីជាលោក Hegseth បានអះអាងថាការជួបគ្នានោះគឺដោយការព្រមព្រៀងក្តី មេធាវីបាននិយាយថា គាត់ភ័យខ្លាចថាស្ត្រីរូបនោះត្រៀមធ្វើការចោទប្រកាន់ប្រឆាំងនឹងគាត់ក្នុងអំឡុងចលនា #MeToo ដែលអាចធ្វើឱ្យគាត់បាត់បង់ការងាររបស់គាត់ជាពិធីករនៅ Fox News។
“របាយការណ៍ប៉ូលិសនេះបញ្ជាក់ពីអ្វីដែលខ្ញុំបាននិយាយជានិច្ច ថាឧប្បត្តិហេតុនេះត្រូវបានស៊ើបអង្កេតពេញលេញ ហើយប៉ូលិសរកឃើញថាការចោទប្រកាន់នោះមិនពិត ដែលជាមូលហេតុដែលគ្មានការចោទប្រកាន់ត្រូវបានធ្វើឡើង” Timothy Parlatore មេធាវីរបស់លោក Hegseth បានប្រាប់ CNN កាលពីយប់ថ្ងៃពុធ – ទោះបីជារបាយការណ៍មិនបាននិយាយថាប៉ូលិសរកឃើញថាការចោទប្រកាន់នោះមិនពិតក៏ដោយ។
ស្ត្រីដែលបានចោទប្រកាន់លោក Hegseth ពីការរំលោភបំពាន បានយំនៅពេលដែលត្រូវបានសួរអំពីបញ្ហានេះដោយអ្នកយកព័ត៌មាន CNN កាលពីសប្តាហ៍មុន ហើយបានបដិសេធមិនធ្វើការអធិប្បាយ។
យោងតាមរបាយការណ៍ប៉ូលិសដែលទើបត្រូវបានចេញផ្សាយ ការរំលោភបំពានដែលត្រូវបានចោទប្រកាន់នោះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៧ បន្ទាប់ពីលោក Hegseth បានថ្លែងសុន្ទរកថានៅសន្និសីទសហព័ន្ធស្ត្រីសាធារណរដ្ឋរដ្ឋកាលីហ្វ័រញ៉ានៅសណ្ឋាគារ Hyatt Regency Monterey និង Spa នៅយប់មុននោះ។
មេធាវីក្រុងម៉ុងតឺរី ដែលពីមុនបានចែករំលែកតែព័ត៌មានលម្អិតសង្ខេបអំពីការស៊ើបបអង្កេតរបស់ខ្លួន បានសរសេរថា ក្រុងនេះកំពុងចេញផ្សាយកំណែដែលបានលុបចេញនៃរបាយការណ៍ប៉ូលិស ដោយសារតែពីមុនបានចេញផ្សាយច្បាប់ចម្លងមួយច្បាប់ទៅឱ្យលោក Hegseth នៅឆ្នាំ ២០២១។
របាយការណ៍ដែលកំណត់អត្តសញ្ញាណអ្នកចោទប្រកាន់ថាជា “Jane Doe” សង្ខេបពីការសម្ភាសន៍របស់ប៉ូលិសជាមួយ Doe, Hegseth, អ្នកចូលរួមសន្និសីទ និងបុគ្គលិកសណ្ឋាគារ ហើយរួមបញ្ចូលទាំងការពិពណ៌នាអំពីវីដេអូពីសណ្ឋាគារដែលប៉ូលិសបានមើល។
កំណត់ត្រាដែលត្រូវបានចេញផ្សាយមិនរួមបញ្ចូលច្បាប់ចម្លងនៃវីដេអូ ឬអនុស្សរណៈពីការិយាល័យមេធាវីមណ្ឌលម៉ុងតឺរី ដែលអាចពន្យល់ពីមូលហេតុដែលលោក Hegseth មិនត្រូវបានចោទប្រកាន់។ ការិយាល័យមេធាវីមណ្ឌលបានបដិសេធសំណើសុំកំណត់ត្រាសាធារណៈសម្រាប់ឯកសាររបស់ខ្លួនស្តីពីករណីនេះ ដោយយោងច្បាប់រដ្ឋ។
ការពិពណ៌នារបស់របាយការណ៍ប៉ូលិសអំពីការរៀបរាប់របស់ Doe អំពីយប់នោះ ស្របគ្នាជាមួយនឹងព័ត៌មានលម្អិតមួយចំនួនដែលបានរៀបរាប់ក្នុងអនុស្សរណៈដែលសរសេរដោយមិត្តភក្តិរបស់ Doe និងត្រូវបានប្រគល់ជូនក្រុមអន្តរកាលរបស់លោក Trump កាលពីសប្តាហ៍មុន ដែលបានបង្កើតឱ្យមានការព្រួយបារម្ភក្នុងចំណោមទីប្រឹក្សារបស់លោក Trump ដែលត្រូវបានភ្ញាក់ផ្អើលដោយការចោទប្រកាន់នេះ។
ទាំង Doe និង Hegseth ក៏ដូចជាអ្នកចូលរួមជាច្រើននាក់ដែលត្រូវបានសម្ភាសន៍ដោយប៉ូលិស បានប្រាប់មន្ត្រីថា ពួកគេទាំងពីរបានទៅបារសណ្ឋាគារ Knuckles ជាមួយក្រុមមួយ បន្ទាប់ពីការថ្លែងសុន្ទរកថា និងពិធីជប់លៀងក្រោយកម្មវិធីនៅក្នុងបន្ទប់សណ្ឋាគារមួយ។
នៅទីនោះ អ្នកចូលរួមសន្និសីទម្នាក់បានប្រាប់ប៉ូលីសថា លោក Hegseth បានប៉ះជង្គង់នាង និងអញ្ជើញនាងឱ្យទៅបន្ទប់សណ្ឋាគាររបស់គាត់។ អ្នកចូលរួមបាននិយាយថា នាងបានបដិសេធការអញ្ជើញនោះ និងបាន “ទាក់ទាញចំណាប់អារម្មណ៍” របស់ Doe ហើយឱ្យនាងក្លាយជាអ្វីដែលរបាយការណ៍ពិពណ៌នាថាជា “អ្នករារាំង” – ដោយសង្ឃឹមថាវត្តមានរបស់ Doe “នឹងបង្វែរការព្យាយាមរបស់ Hegseth ក្នុងការរួមភេទ” ជាមួយនាង។ អ្នកចូលរួមនោះក្រោយមកបានចាកចេញពីបារ ហើយនិយាយថា Doe មិនបង្ហាញថាស្រវឹង “នៅពេលនាងមានទំនាក់ទំនងចុងក្រោយជាមួយ” នាង។
អ្នកចូលរួមសន្និសីទម្នាក់ទៀតបានប្រាប់ប៉ូលីសថា នាងបានឃើញអ្វីដែលនាងពិពណ៌នាថាជា Doe និងស្ត្រីម្នាក់ទៀតកំពុងលេងស្នេហ៍ជាមួយ Hegseth នៅបារ។ នៅពេលនោះ Doe មានស្មារតីល្អ ហើយ “មិនបង្ហាញថាស្រវឹងដល់កម្រិតដែលនាងមិនអាចថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនបាន” អ្នកចូលរួមបាននិយាយ។
Doe បានប្រាប់មន្ត្រីថា នាងជឿថា Hegseth កំពុងប្រព្រឹត្តមិនសមរម្យជាមួយស្ត្រីផ្សេងទៀតក្នុងអំឡុងពេលសន្និសីទ ហើយបានផ្ញើសារទៅនរណាម្នាក់ថា គាត់ “កំពុងបង្ហាញពីអាកប្បកិរិយាគួរឱ្យខ្លាច” យោងតាមរបាយការណ៍។ ក្រោយមក Doe បានប្រាប់គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យថា នាង “មិនប្រាកដទេ ប៉ុន្តែជឿថា អាចមានអ្វីមួយត្រូវបានដាក់ក្នុងភេសជ្ជៈរបស់នាង ដោយសារនាងមិនអាចចងចាំព្រឹត្តិការណ៍ភាគច្រើននៃយប់នោះ” ហើយគិលានុបដ្ឋាយិកាបានប្រាប់ប៉ូលីសអំពីរឿងនេះ របាយការណ៍បានបញ្ជាក់។ របាយការណ៍ក៏បានកត់សម្គាល់ថា Doe បាននិយាយថា នាងបានផឹក “ច្រើនជាងធម្មតា” នៅថ្ងៃនោះ។
មន្ត្រីបានពិនិត្យវីដេអូឃ្លាំមើលពីសណ្ឋាគារដែលមានកាលបរិច្ឆេទប្រហែល ១:១៥ ព្រឹក ដែលបង្ហាញពី Doe និង Hegseth “ដើរជាមួយគ្នា ដោយដៃកៀកគ្នា” ចេញពីបារ ហើយឆ្ពោះទៅកាន់អាងហែលទឹកសណ្ឋាគារ ដោយ Doe ញញឹម។
Doe បានប្រាប់ប៉ូលិសថា នាងចាំថាបានដើរចេញពីបារ និងជជែកគ្នាជាមួយ Hegseth នៅជិតអាងហែលទឹក ដែលទីនោះពួកគេបានជជែកគ្នាអំពីការប្រព្រឹត្តរបស់គាត់ចំពោះស្ត្រីនៅក្នុងសន្និសីទ ហើយ Hegseth បានប្រាប់នាងថា គាត់គឺជា “មនុស្សល្អ”។ ប៉ូលិសក៏បានសម្ភាសន៍បុគ្គលិកសណ្ឋាគារម្នាក់ ដែលបានឆ្លើយតបទៅនឹងការត្អូញត្អែររបស់ភ្ញៀវអំពីការជជែកគ្នានេះប្រហែល ១:៣០ ព្រឹក។ Hegseth បានប្រាប់បុគ្គលិកថា “គាត់មានសេរីភាពក្នុងការនិយាយ” មុនពេលគាត់និង Doe ចាកចេញ បុគ្គលិកនោះចាំបាន។ បុគ្គលិកបាននិយាយថា Hegseth បង្ហាញថាស្រវឹងខ្លាំង ខណៈដែល Doe មិនបង្ហាញថាស្រវឹងទេ យោងតាមរបាយការណ៍។
Doe បានប្រាប់ប៉ូលិសថា ការចងចាំបន្ទាប់របស់នាងក្រោយការជជែកគ្នាគឺនៅក្នុងបន្ទប់សណ្ឋាគារជាមួយ Hegseth។ នាងបានប្រាប់មន្ត្រីថា Hegseth “បានយកទូរសព្ទពីដៃរបស់នាង”។ បន្ទាប់មក នាងបាននិយាយថា នាង “បានព្យាយាមចេញពីបន្ទប់ ប៉ុន្តែ Hegseth បានរារាំងទ្វារដោយរាងកាយរបស់គាត់”។ នាងបាននិយាយថា នាង “ចាំថាបាននិយាយ ‘ទេ’ ច្រើនដង” ប៉ុន្តែមិនចាំអ្វីច្រើនទៀតទេ យោងតាមរបាយការណ៍។
បន្ទាប់មក នាងបាននិយាយថា នាងចាំថា Hegseth នៅពីលើនាងនៅលើគ្រែ ឬសាឡុង ដោយមាន “ស្លាកទាហានរបស់គាត់អណ្តែតនៅពីលើមុខនាង”។ ក្រោយមក នាងបានប្រាប់គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យថា នាង “មិនអាចចាំថាមានការរួមភេទកើតឡើងឬអត់ទេ ប៉ុន្តែជឿថានាងត្រូវបានគេរំលោភផ្លូវភេទនៅពេលនោះ” គិលានុបដ្ឋាយិកាបានប្រាប់ប៉ូលិស។
Doe បានប្រាប់ប៉ូលិសថា នាងចាំថា Hegseth បានបញ្ចេញទឹកកាមនៅលើពោះរបស់នាង មុនពេលគប់កន្សែងមួយទៅរកនាង ហើយសួរថាតើនាងមានអារម្មណ៍ល្អទេ។ Doe បានប្រាប់ប៉ូលិសថា នាងមិនចាំថាត្រូវបានត្រឡប់ទៅបន្ទប់សណ្ឋាគាររបស់នាងដោយរបៀបណាទេ ប៉ុន្តែចាំថាបានដើរចូលបន្ទប់របស់នាង និងចូលគេង។
ប្តីរបស់ Doe ដែលបានចូលរួមសន្និសីទជាមួយនាង បានប្រាប់ប៉ូលិសថា គាត់បានព្រួយបារម្ភនៅពេលដែលនាងមិនបានត្រឡប់មកបន្ទប់សណ្ឋាគារមុននោះ ហើយនាងមិនបានត្រឡប់មកវិញរហូតដល់ប្រហែល ៤:០០ ព្រឹក។
Doe បានប្រាប់មន្ត្រីថា “ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹង Hegseth មិនបានភ្លឺច្បាស់” ចំពោះនាងរហូតដល់ក្រោយពេលនាងត្រឡប់ទៅផ្ទះវិញ។ នាងបានទៅមន្ទីរពេទ្យ និងរាយការណ៍ពីការរំលោភផ្លូវភេទនៅថ្ងៃទី ១២ ខែតុលា ដែលនៅទីនោះនាងបានឆ្លងកាត់ការពិនិត្យរកការរំលោភ និងបានប្រគល់សម្លៀកបំពាក់ដែលនាងពាក់នៅយប់នៃការរំលោភបំពានដែលត្រូវបានចោទប្រកាន់ទៅឱ្យប៉ូលីស។ គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យជាអ្នកដំបូងគេដែលបានរាយការណ៍ពីការរំលោភបំពានដែលត្រូវបានចោទប្រកាន់ទៅអាជ្ញាធរ។
ផ្ទុយទៅវិញ លោក Hegseth បានប្រាប់ប៉ូលិសថា ការជួបគ្នាជាមួយ Doe គឺដោយការយល់ព្រមគ្នា។ គាត់បាននិយាយថា គាត់ “ស្រវឹងបន្តិច” នៅយប់នោះបន្ទាប់ពីផឹកស្រាបៀរ ហើយចាំថាបានត្រឡប់ទៅបន្ទប់សណ្ឋាគាររបស់គាត់ជាមួយ Doe។
Hegseth បាននិយាយថា Doe “បានអង្គុយក្នុងបន្ទប់ហើយមិនបានចេញទៅណា” ហើយគាត់គិតថាវា “ចម្លែក” ដែលនាងស្នាក់នៅក្នុងបន្ទប់របស់គាត់ យោងតាមរបាយការណ៍។
នៅពេលយប់កាន់តែច្រើន Hegseth បាននិយាយថា គាត់បានធានាថា Doe “មានអារម្មណ៍ស្រួលជាមួយនឹងអ្វីដែលកំពុងកើតឡើងរវាងពួកគេទាំងពីរ” ហើយថាមាន “ការសន្ទនា ‘ជានិច្ច’ និងការប៉ះពាល់ ‘ជានិច្ច’ ដោយការយល់ព្រម”។ ពួកគេបានរួមភេទ គាត់បាននិយាយ។
Hegseth បាននិយាយថា Doe បានសួរគាត់ថាតើគាត់មានស្រោមអនាម័យទេ ហើយគាត់គ្មានទេ។ គាត់បាននិយាយថា គាត់បានសួរនាងថាតើវាជាបញ្ហាទេ ហើយនាងបាននិយាយថាមិនមែនទេ ហើយគាត់បានបញ្ចេញទឹកកាមនៅលើរាងកាយរបស់នាង។
បន្ទាប់ពីពួកគេបានរួមភេទ Hegseth បាននិយាយថា គាត់មាន “ការសន្ទនាច្បាស់លាស់ណាស់” ជាមួយ Doe ដែលបានប្រាប់គាត់ថា នាងនឹងប្រាប់ប្តីរបស់នាងថានាង “បានដេកលក់នៅលើសាឡុងក្នុងបន្ទប់របស់នរណាម្នាក់”។ គាត់បានប្រាប់ប៉ូលិសថា នាងបង្ហាញ “សញ្ញាដំបូងនៃការស្តាយក្រោយ” ប៉ុន្តែមិនបានពន្យល់លម្អិត៕