ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

ដោយៈសិរីមតី
ភ្នំពេញ៖ក្នុងឋានៈជាប្រធានអនុសញ្ញាអូតាវ៉ា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធ ដើម្បីជជែកពិភាក្សារកវិធីសាស្ត្រ និងយុទ្ធសាស្ត្រឈានឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីននិងនាំមកនូវភាពសុខដុមសម្រាប់មនុស្សជាតិ។


ក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីនកាលពីព្រឹកថ្ងៃទី២០ខែ វិច្ឆិកា លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានមានប្រសាសន៍ថា៖កិច្ចប្រជុំកំពូលសៀមរាប-អង្គរនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា៖កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នឹងមានការអញ្ជើញចូលរួមពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។ កម្ពុជា បានក្លាយទៅជាប្រទេសដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រោយពេលអនុសញ្ញាអូតាវ៉ា ចាប់កំណើតបាន២៥ឆ្នាំ។


លោកបានគូសបញ្ជាក់ថា៖ «កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមប្រទេសធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុបបំបាត់មីនលើសកលលោក»។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ នឹងមានព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមាន “ការដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត។ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ។ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន ៖ គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។
ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា “ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។


បើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ កម្ពុជាជោគជ័យក្នុងការបោសសម្អាតមីនលើផ្ទៃដីជាង ៣០២៤ គីឡូម៉ែត្រការ៉េ ហើយនៅសល់ជាងពាក់កណ្តាលទៀតដែលកំពុងបន្តការងារបោសសម្អាតគ្រាប់មីន ជាពិសេសតំបន់ខាងលិចមាន ៧ ខេត្តជាប់ព្រំប្រទល់ថៃ ជាតំបន់អតីតសមរភូមិក្តៅដែលមានការប្រើប្រាស់មីនច្រើន។ លោកបន្ថែមថា ដោយសារកម្ពុជា មានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទើបធ្វើឱ្យគ្រាប់មីននៅរាយប៉ាយ ជាពិសេសគ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីលើអាកាស និងគ្រាប់បេជាដើម បង្កការលំបាកដល់ការកំណត់ទីតាំង។
គួរជម្រាបថា អស់រយៈពេលជាង ៣០ ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩២ មករាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង១ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការបោសសម្អាតមីន។ ក្នុងនោះថវិកាដែលទទួលបានពីសហគមន៍ជំនួយ និងបណ្តាប្រទេសជាមិត្តមានប្រមាណ ៦០ភាគរយ ក្រៅពីនោះជាថវិការរបស់រដ្ឋាភិបាលកម្ពុជា និងសប្បុរសជន។