ដោយ៖កំចាយ
កំពត÷ ទោះបីមណ្ឌលកម្សាន្តបានកើតឡើងជាហូរហែក្នុងទឹកដីនៃខេត្តកំពត ប៉ុន្តែទេសចរជិតឆ្ងាយនៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះបណ្តុំតំបន់ទេសចរណ៍ធម្មជាតិទឹកឈូ។ សម្រស់ និងកត្តាធនធានធម្មជាតិ អនាម័យបរិស្ថាន គុណភាព តម្លៃសេវាកម្ម ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ជាបញ្ហាសំខាន់ក្នុងការក្សា និងស្រូបទាញកំណើនភ្ញៀវបន្ថែម។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្របពេលមានពិធីបុណ្យអុំទូកផង នៅទូទាំងខេត្តកំពតមានភ្ញៀវមកកម្សាន្តប្រមាណជាង១៧ម៉ឺននាក់។ ក្នុងចំណោមនោះ បណ្តុំតំបន់ទេសចរណ៍ទឹកឈូមានភ្ញៀវមកលេងច្រើនជាងគេបើប្រៀបធៀបនឹងតំបន់ប៉ូលទេសចរណ៍៣ផ្សេងទៀតរបស់ខេត្ត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា កត្តាជាច្រើនដែលធ្វើឲ្យតំបន់នេះអាចបន្តស្រូបទាញការចាប់អារម្មណ៍ពីភ្ញៀវ ដូចជា៖ ទឹកហែលលេងមានគុណភាព ផ្លែឈើផលដំណាំដាំដុះដោយអ្នកភូមិបែបធម្មជាតិពិតៗ ការមិនដំឡើងថ្លៃទំនិញ ភាពអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ល្អជាដើម។ ជាមួយស្ថានភាពទាំងនោះទើបកាលពីចុងខែតុលា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានផ្តល់ជយលាភីជូនមូលដ្ឋាននេះលើផ្នែកភូមិ-ឃុំមានសុវត្ថិភាពក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦គឺ “មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ”។
តាមការរៀបរាប់របស់ភ្ញៀវមកពីបណ្តារាជធានីខេត្តបានបញ្ជាក់ថា ទោះពួកគាត់ធ្លាប់បានមកលេងនៅតំបន់ទឹកឈូច្រើនដងក្តី ក៏ពួកគាត់មិនធុញទ្រាន់ក្នុងការមកជាថ្មីទៀតឡើយ។ ទីនេះពោរពេញដោយភាពទាក់ទាញ ពិសេសផ្លែឈើមានលក្ខណ:ធម្មជាតិ នំចំណីប្រចាំតំបន់ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ និងបរិយាកាសល្អបរិសុទ្ធតែម្តង។
បុគ្គលិកម្នាក់បម្រើការនៅរមណីយដ្ឋានដូងទេរបានរៀបរាប់ថា អ្នកលក់ដូរនៅតំបន់ទឹកឈូតែងស្តាប់ និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញទាំងលើការងារបដិសណ្ឋារកិច្ច អនាម័យបរិស្ថាន គុណភាពម្ហូបអាហារ និងតម្លៃជាដើម៕