កីឡា

Jack Grealish អរគុណ Lee Carsley ចំពោះ «ការនាំមកវិញនូវភាពរីករាយ» ក្នុងក្រុមជម្រើសជាតិអង់គ្លេស

ប្រែសម្រួល៖តារា

Jack Grealish បានថ្លែងអំណរគុណដល់ Lee Carsley ចំពោះ «ការនាំមកវិញនូវភាពរីករាយ» ក្នុងអាវក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីការមិនត្រូវបានជ្រើសរើសចូលក្រុមសម្រាប់ Euro 2024 ក្រោមការដឹកនាំរបស់ Gareth Southgate។

Carsley បានដឹកនាំក្រុម Three Lions ឡើងទៅកាន់ថ្នាក់កំពូលនៃ Nations League វិញ បន្ទាប់ពីឈ្នះប្រាំក្នុងចំណោមប្រកួតទាំងប្រាំមួយដែលគាត់ដឹកនាំ។

ការស៊ុតបញ្ចូលទីយ៉ាងច្រើននៅវគ្គទីពីរបានធានាឱ្យមានជ័យជម្នះដ៏ស្រួលដោយលទ្ធផល ៥-០ នៅកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃអាទិត្យ ដែលអនុញ្ញាតឱ្យគ្រូបង្វឹកបណ្តោះអាសន្នអាចប្រគល់តំណែងឱ្យ Thomas Tuchel ក្នុងស្ថានភាពល្អ។

Tuchel នឹងចាប់ផ្តើមភារកិច្ចរបស់គាត់ជាផ្លូវការនៅដើមឆ្នាំក្រោយ ខណៈ Carsley នឹងត្រឡប់ទៅកាន់តួនាទីមុនរបស់គាត់ក្នុងការដឹកនាំក្រុមក្រោមអាយុ 21 ឆ្នាំ។

Grealish បានសរសើរដល់ Carsley ដែលបានហៅកីឡាកររបស់ Manchester City រូបនេះចូលក្រុមទាំងបីលើកក្នុងរដូវកាលនេះ។

‘មនុស្សល្អ និងគ្រូបង្វឹកល្អម្នាក់! អ្នកមានគុណធំណាស់ ហើយសូមអរគុណសម្រាប់ការនាំមកវិញនូវភាពរីករាយក្នុងអាវជម្រើសជាតិអង់គ្លេស’ Grealish បានសរសេរនៅលើ Instagram។

Grealish ត្រូវបានហៅត្រឡប់មកវិញដោយ Carsley នៅខែកញ្ញា ហើយបានសងគុណភ្លាមៗដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ លើអៀរឡង់នៅទីក្រុង Dublin។

មួយខែក្រោយមក អតីតកីឡាកររបស់ Aston Villa រូបនេះបានអះអាងយ៉ាងម៉ឺងម៉ាត់ថា ការមិនជ្រើសរើសរូបគេនៅរដូវក្តៅគឺជាកំហុស។

ខ្ញុំនិយាយដោយស្មោះត្រង់ជាមួយអ្នក ខ្ញុំមិនយល់ស្របទេ’ Grealish បាននិយាយ។ ‘ខ្ញុំគិតថាអ្នកត្រូវការតុល្យភាពបន្តិចនៅគ្រប់តំណែងនៅលើទីលាន។’

«អ្នកមើលទៅកីឡាករខ្លះនៅតំណែងរបស់ខ្ញុំ – ដូចជា Phil Foden, Anthony Gordon ឬ Jarrod Bowen – ពួកគេស៊ុតបញ្ចូលទីបានច្រើន។ ប៉ុន្តែខ្ញុំដឹងថាការលេងរបស់ខ្ញុំមិនមែនគ្រាន់តែជាការស៊ុតបញ្ចូលទីទេ។ ខ្ញុំផ្តល់ឱ្យក្រុមច្រើនជាងគ្រាន់តែការស៊ុតបញ្ចូលទី។»

‘ខ្ញុំនៅតែគិតថា បាទ ខ្ញុំគួរតែបាន (ទៅ Euro) ប៉ុន្តែច្បាស់ណាស់វាមិនមែនជារឿងដែលត្រូវកើតឡើងទេ។’

Grealish ក៏បានទទួលស្គាល់ថា គាត់ពិបាកក្នុងការមើលការប្រកួតរបស់អង់គ្លេសពីចម្ងាយ ប៉ុន្តែបាននិយាយថា Carsley បានធ្វើឱ្យគាត់មានអារម្មណ៍ល្អចាប់តាំងពីការតែងតាំងរបស់គាត់។

«ខ្ញុំអរគុណគ្រូបង្វឹកនៅទីនេះដែលបានផ្តល់ឱកាសនោះដល់ខ្ញុំ និងមានជំនឿទុកចិត្តលើខ្ញុំ» Grealish បានបន្ថែម។

«វាពិតជាមានន័យច្រើនណាស់។ នៅពេលខ្ញុំលេងក្រោមគ្រូបង្វឹកដែលបង្ហាញការជឿទុកចិត្តលើខ្ញុំ និងទំនាក់ទំនងជាមួយខ្ញុំតាមរបៀបដែលគាត់បានធ្វើក្នុងពីរជំរំកន្លងមកនេះ វាពិតជាជួយខ្ញុំច្រើន។»

«ខ្ញុំមិនចង់និយាយច្រើនពេកអំពីភាពខុសគ្នាធំបំផុត (រវាង Southgate និង Carsley) ទេ ប៉ុន្តែចាប់តាំងពីខ្ញុំមកទីនេះ ខ្ញុំមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ច្រើនពីគ្រូបង្វឹក៕»