កម្សាន្ដ

ខេត្តកំពតទទួលភ្ញៀវបានជាង១៣ម៉ឺននាក់ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក

ដោយ៖​កំចាយ

កំពត÷ អំឡុងពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ភ្ញៀវទេសចរជិតឆ្ងាយបានចូលមកកម្សាន្តក្នុងខេត្តកំពតជាង១៣ម៉ឺននាក់។

តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលភ្ញៀវបាន១៣៤.៦២២នាក់។ ក្នុងនោះទេសចរបរទេសចំនួន២.២០៦នាក់។ របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមកន្លែងកម្សាន្តទូទាំងខេត្តគឺបណ្តុំតំបន់ទេសចរណ៍ទឹកឈូនៅតែជាគោលដៅទាក់ទាញ និងមានភ្ញៀវទៅលេងច្រើនជាងគេសម្រាប់ពិធីបុណ្យជាតិនេះ។

ចំពោះខេត្តកែបវិញ រយ:ពេល៤ថ្ងៃគិតទាំងថ្ងៃសម្រាកការងារចុងសប្តាហ៍ ភ្ញៀវបានចូលមកកម្សាន្តប្រមាណជិត១២ម៉ឺននាក់។

លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថា គិតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខេត្តកែបមានភ្ញៀវមកលេងកម្សាន្តចំនួន១១៨.៤១៤នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន១១៧.៧៤៤នាក់ និងទេសចរបរទេសចំនួន៦៧០នាក់។ លោកប្រធានស្តីទីមន្ទីរបានបន្តថា ក្នុងដំណើរមកកាន់ខេត្តកែប ភ្ញៀវទាំងនោះបានប្រើប្រាស់រថយន្តធុនតូចចំនួន២.១២៨គ្រឿង ធុនមធ្យម៤៣៥គ្រឿង និងធុនធំ១៧គ្រឿង៕