សេដ្ឋកិច្ច

កម្ពុជាត្រូ​វបានជ្រើសរើស ​ធ្វើជាទីតាំង​សម្រាប់ផ្ដល់ ពានរង្វាន់​អាស៊ាន​ សម្រាប់អាជីវកម្មនិងធុរកិច្ច​ដែល​បានជួយកិច្ច​ការ​សង្គម​ប្រចាំឆ្នាំ២០២៤​

ភ្នំពេញ ៖ ពានរង្វាន់​អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច​ ដែល​បានជួយកិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ ប្រទេស​កម្ពុជា កាលពីរាត្រី​ថ្ងៃទី១១ វិច្ឆិកា ២០២៤ ដោយមាន​សហ​គ្រិន​ចំនួន ៧៥រូប​មកពីប្រទេស​ចំនួន១៩​ ត្រូវបានជ្រើសរើស​សម្រាប់ការផ្ដល់​ជូនពានរង្វាន់​ដ៏អស្ចារ្យមួយនេះ ។

នៅក្នុងឱកាស​នៃពិធីប្រគល់ពានរង្វាន់នេះដែរ លោក​ហ៊ាង វុទ្ធា ប្រធានក្លិប​ Global Entrepreneur 1% Club បាន​មានប្រសាសន៍ឱ្យដឹងថា​ ពានរង្វាន់​អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច​ ដែលបានជួយកិច្ចការ​សង្គម​ប្រចាំ​ឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំ​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹងទំនួលខុស​ត្រូវ​សង្គមរួម​របស់យើង ចំពោះ​កិច្ច​ការ​​សង្គម​ ។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែ​លើក​កម្ពស់​ដំណើរការ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើក​កម្ព​ស់​ជីវភាព​រស់នៅរបស់​មនុស្ស​ជុំវិញ​យើផងដែរ ។ ការជួបជុំ នៅក្នុង​ថ្ងៃនេះ ក៏ឆ្លុះ​បញ្ចាំ​ពីជំហានសំខាន់ៗ​ដែល យើងធ្វើ ក្នុងនាមយើងជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព លើក​កម្ពស់ជីវិត និង​រួម​ចំណែក​​ដល់​សុខុមាលភាព​នៃសង្គមតំបន់​អាស៊ាន​ទាំង​មូល ។

​លោកបន្តថាកម្មវិធី​ពានរង្វាន់​នេះ ត្រូវ​បានរៀបចំឡើងអស់​រយៈ​ពេល ៨០​ថ្ងៃ ដែលមានអ្នកចូលរួម​ដាក់ពាក្យ​ចំនួន ៣.៧៦០​នាក់ មកពីបណ្ដា​ប្រទេស​ចំនួន៣៩​ប្រទេស ។ ក្នុងនោះគណៈកម្មាធិការ​បានជ្រើសរើស​អ្នក​មាន​សក្ដានុពល​ចំនួន ៤៨០​នាក់ ហើយឈានទៅដល់​ការ​វាយតម្លៃជា​ផ្លូវការ​ចំនួន ២៨០​នាក់ មកពី៣០​ប្រទេស​ ។ ជា​ចុងក្រោយ​​ គណៈ​កម្មាធិការ​ បានសម្រេចជ្រើសរើស​ យក​ម្ចាស់ជ័យលាភី​សរុបចំនួន ៧៥​រូប មកពីប្រទេសចំនួន១​៩​ ដើម្បីផ្ដល់ជូនពាន​រង្វាន់​នៅក្នុង​ថ្ងៃនេះ ។

លោក​បណ្ឌិត​គង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុ​ប្រធាន​ក្លិប​ Global Entrepreneur 1% Club (កិច្ច​ការ​សង្គម ) បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ចក្ខុវិស័យ​របស់​សមាគម ដែលមិនគិតត្រឹមតែ​រក​ប្រាក់​ចំណេញប៉ុណ្ណោះទេ តែថែមទាំង​ផ្ដល់​ត្រលប់​មកវិញដល់សង្គម​ផងដែរ ។

លោក​បន្តថា ការទទួល​ខុសត្រូវ​សង្គម មិនគ្រាន់តែជាការ​ផ្ដល់​ត្រលប់​មកវិញទេ វា​គឺជាការ​កសាងអនាគត​ប្រកបដយ​ចីរភាព​សម្រាប់មនុស្ស​គ្រប់រូប  ។ ក្នុងនាមជា​អ្នកទទួល​ខុស​ត្រូវ​សង្គមមួយរូប​របស់សមាគម​ក្លិប​ លោកក៏បានអំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ និងសហគ្រិន​ជាច្រើនផ្សេងទៀត បន្តគាំទ្រ​សង្គមរបស់យើង ដោយ​សារ​វាមានសារសំខាន់​ណាស់សម្រាប់អភិវឌ្ឍ​ប្រទេស​យើង ។​

តាមរយៈ​ពេល​ពានរង្វាន់​មួយនេះដែរ ក្លិបអ្នកវិនិយោគ​រំពឹងថា ​នឹង​មាន​សហគ្រិនជាច្រើនទៀត ចូល​រួម​ក្នុ​ង​កិច្ច​​ការ​សង្គម​បានកាន់តែច្រើន ហើយក៏រំពឹងថា​នឹង​មានការរៀបចំ​ពានរង្វាន់ដ៏អស្ចារ្យមួយនេះ ​ដោយ​មានការ​គាំទ្រពីសំណាក់​បណ្ដា​ក្រុមហ៊ុន និង​ម្ចាស់អាជីវកម្មទៅលើ​ការ​រៀបចំកម្មវិធីពានរង្វាន់​ កាន់តែធំនិងអស្ចារ្យ​ជាងពេលនេះ ។​

នៅក្នុង​កម្មវិធីប្រគល់ពាន​រង្វាន់​កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកា ២០២៤​នេះដែរ ក៏មានការ​ចូលរួម​ពីតំណាង​ក្រសួង​ ស្ថាប័នសំខាន់ៗមួយចំនួន​រួមមាន តំណាងក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវា​នុវត្តន៍ តំណាង​មកពីក្រសួង​ពាណិជ្ជកម្ម ប្រធាន​សភាពាណិជ្ជកម្ម​សិង្ហបុរី​ប្រចាំប្រទេស​កម្ពុជា និង​ប្រធាន​សមាគម​វិនិយោគ​កម្ពុជា​សិង្ហបុរីជាដើម ។

គួរ​បញ្ជាក់ថា កម្មវិធី​ពានរង្វាន់​អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ ត្រូវបានបែ​ង​ចែក​ទៅជាពានរង្វាន់មាន​៥​ប្រភេទ ដែលក្នុងនោះ​ ពានរង្វាន់​អាស៊ាន​សម្រាប់​ថ្នាក់ពាន​សហគមន៍ និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន១០រូប ពានរង្វាន់អាស៊ាន​សម្រាប់ថ្នាក់ពាន​សិល្បករ/សិល្បការិនី​និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន៣រូប ពានរង្វាន់​អាស៊ាន​សម្រាប់អាជីវកម្ម និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន១២​រូប ពានរង្វាន់​អាស៊ាន​សម្រាប់ពានសហគ្រិន​និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន៣៤រូប និង​ពាន​រង្វាន់អាស៊ាន​សម្រាប់ថ្នាក់​ដឹកនាំនិងធុរកិច្ច​ដែលជួយការសង្គម​មានចំនួន១៣រូប ៕