ដោយ៖ សុខុម
ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី១៣វិច្ឆិកាថា កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៤ ឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន មានទម្ងន់២គីឡូក្រាមនៅចំណុចគោលដៅត្រួតពិនិត្យផ្លូវបំបែកចូលភូមិអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
សមត្ថកិច្ចឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ PAN ZHENGJiAN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២២.០៤.១៩៩១ ជនជាតិចិន ទីកន្លែងបច្ចុប្បន្នប្រទេសចិន ប្រើលិខិតឆ្លងដែនលេខ EH7295636 ។សមត្ថកិច្ចឃាត់ឆែកឆេរអីវ៉ាន់លើម៉ូតូរកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន ១២ដុំ និងសារធាតុមិនទាន់ច្បាស់មួយចំនួនទៀត។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនចិននោះមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ សម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង ។មន្ត្រីជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋានបានធ្វើតេស្តបញ្ជាក់ថាវត្ថុតាងខាងលើជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ។
តាមការពិនិត្យវត្ថុតាងនិងសម្ភារចាប់យករួមមាន៖ មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១២ដុំ ទម្ងន់សុទ្ធ ២គីឡូនិង២៣១.៥៩ក្រាម, សារធាតុមិនច្បាស់ ប្រភេទទឹកខ្មៅចំនួន ២១ដប, សារធាតុមិនច្បាស់ប្រភេទពណ៌ទឹកតែ ០១ដប, សារធាតុមិនច្បាស់ប្រភេទម្សៅម៉ដ្ឋស ០១ធុង, ម៉ូតូ ០១គ្រឿង,ទូរសព្ទដៃចំនួន០២គ្រឿងនិងលិខិតឆ្លងដែន០១ក្បាល៕