សេដ្ឋកិច្ច

ឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉េកាំង រៀបចំពិធីអបអរសាទរខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ

ដោយៈសិរីមតី

ប៉េកាំង៖ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី៧១ នៃនៃទិវាបុណ្យ ឯករាជ្យជាតិ និងខួបលើកទី៧១ នៃការបង្កើតកងយោធពលខេមរភូមិន្ទកម្ពុជា នៅសណ្ឋាគារ Legendale Hotel Beijingនៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមយ៉ាងសកម្មរបស់មន្ត្រីស្ថានទូត។

ខួបលើកទី៧១នៃទិវាបុណ្យ ឯករាជ្យជាតិនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងប្រកបដោយបរិយាកាសស្និទ្ធស្នាល ដោយទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមពីលោក ឈិន សៀវទុង (CHEN Xiaodong) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ថ្នាក់ដឹកនាំ និងមន្ត្រីការបរទេសចិន ឯកអគ្គរាជទូត/រដ្ឋទូត និងអនុប្រធានបេសកកម្មនៃប្រទេសជាមិត្តព្រមទាំងបងប្អូន ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងប៉េកាំង សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងកម្មវីធីនេះ លោកស្រីឯកអគ្គរាជទូតបានរំលេចនូវសាវតានៃការទាមទារឯករាជ្យជាតិពេញលេញពីបារាំងក្រោម ព្រះរាជបូជនីយកិច្ចដ៏ស្វាហាប់ និងក្លៀវក្លារបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ ការសម្រេចបាន នូវសន្តិភាព ស្ថេរភាព និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃជាមួយនឹងគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលបន្តរីកចម្រើន និងបន្តកំណត់គោលដៅអភិវឌ្ឍន៍សម្រាប់រយៈពេលមធ្យម និងសម្រាប់រយៈពេលវែងតាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ថែមពីនេះ លោកស្រីក៏បានរំលេចឡើងផងដែរនូវគោលនយោបាយការបរទេសកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញនូវចំណុចវិជ្ជមានក្នុងវិស័យ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀតទៅកាន់កម្ពុជាបន្ថែមទៀត។

លោកស្រីបានលើកឡើងអំពីការខិតខំជម្រុញអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន និងបានថ្លែងអរគុណមិត្តចិនចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយជាច្រើនដល់កម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានបញ្ជាក់សារជាថ្មីពីជំហរកម្ពុជាគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនមួយ (One China Principle) និងការគាំទ្រគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាគំនិតផ្ដួតផ្ដើមសកលផ្សេងទៀតដែលដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជីនពីង។

គួរបញ្ជាក់ផងដែរថា ស្ថានទូតក៏បានឆ្លៀតឱកាសសអនុវត្តការទូតវប្បធម៌ និងការទូតម្ហូបអាហារតាមរយៈការចាក់បញ្ចាំងវីដេអូអំពីវប្បធម៌ ប្រពៃណី ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីកន្លែងទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងបានរៀបចំនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរខ្មែរ បង្អែមបបរត្រាវ និងគ្រាប់ស្វាយចន្ទី ជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិពិសារផងដែរ៕