ដោយ៖ សុខុម
ស្ទឹងត្រែង៖ សមត្ថកិច្ចបានបង្ហាញពីលទ្ធផលបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននៅថ្ងៃទី១១វិច្ឆិកានេះថា៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ រថយន្តមួយគ្រឿង រួមជាមួយគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់។
សមត្ថកិច្ចបាននិយាយថា៖ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានត្រួតពិនិត្យឆែកឆេររថយន្តចំនួន០១គ្រឿង ម៉ាក FORTUNER ពណ៌ស ផ្លាកលេខឡាវ 1115។នៅពេលសមត្ថកិច្ចកំពុងតែឆែកពិនិត្យនោះក៏ស្រាប់តែរកឃើញគ្រឿងញៀន ហើយភ្លាមៗឃាត់ខ្លួនជនសង្ស័យ ០១នាក់។
សមត្ថកិច្ចបាននិយាយទៀតថា៖ រកឃើញវត្ថុតាងជាគ្រឿងញៀនចំនួន ១៦៧ដុំ ហើយនៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រគល់រថយន្ត និងវត្ថុតាង ព្រមទាំងសម្ភារទាំងអស់មកឲ្យកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ VUE YENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៥.០២.១៩៩៣ ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្នប្រទេសឡាវ ប្រើលិខិតឆ្លងដែនលេខ P 1859439 ។រីឯវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូ និង ០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១.០៣៤.៤១៣គ្រាប់។សម្ភារចាប់យករួមមាន៖រថយន្ត ០១គ្រឿង ម៉ាក FORTUNER ពណ៌ស, ទូរសព្ទដៃចំនួន ០៣គ្រឿងនិងឯកសារពាក់ព័ន្ធមួយចំនួន៕