ភ្នំពេញ៖ ក្មេងប្រុសជំទង់ម្នាក់ខណៈចេញពីរៀន បានជិះម៉ូតូ១គ្រឿងទៅផ្ទះ លុះដល់ផ្លូវត្រូវចូលទៅផ្ទះបានបត់ឆ្វេងក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាស៊ីណា ១គ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនបុកពេញទំហឹង បណ្ដាលឲ្យប៉ើងខ្ទាតច្រើនម៉ែត្រស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។
ករណីគ្រោះថ្នាក់នេះគឺបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចមុខវត្តគោកខ្សាច់ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងប្រុសដែលស្លាប់នោះឈ្មោះណាំង បញ្ញា អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យពងទឹក មានទីលំនៅភូមិក្នុងភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជិះម៉ូតូម៉ាកហុងដាប៊ីតពណ៍សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1HI-6738 ។ ដោយឡែករថយន្តដែលបុកម៉ាកតូយ៉ូតាស៊ីណាពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BD-0596 បើកបរដោយបុរសជនជាតិចិនម្នាក់ ។
អ្នកភូមិគោកខ្សាច់បាននិយាយថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានធ្វើដំណើរចេញពីសាលាទៅផ្ទះ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្ទះ ។ ស្របពេលនោះក៏ស្រាប់តែរថយន្តខាងលើបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូងទៅដល់បុកពេញទំហឹង បណ្ដាលឲ្យខ្ទាតច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈនោះម៉ូតូរងការខូចខាតខ្ទេចខាងក្រោយដាច់កន្ទុយនិងផ្លាកលេខមកដី ចំណែករថយន្តបានឈប់ស្ងៀម ហើយអ្នកបើកបរជាជនជាតិចិនត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ភ្លើងឆេះរទេះ ។ ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖សហការី