ដោយ : បន្ទាយ

កំពង់ធំ៖ លោកអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងនាំយកអំណោយស្បៀងបម្រុងកម្ពុជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអោយដឹងថា : ក្នុងចំណោមឃុំទាំង១១នៃស្រុកកំពង់ស្វាយ ដែលផាត់សណ្តាយមានភូមិសាស្ត្រជាប់ទំនាបបឹងទន្លេសាប មានប្រជាពលរដ្ឋចំនួន ១.២៨២គ្រួសារ និងភាគច្រើនប្រកបមុខរបរនេសាទ ។
លោកនួន ផារ័ត្ន បានថ្លែងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
បន្ថែមលើនេះ លោក នួន ផារ័ត្ន បានក្រើនរំលឹកដល់មន្ត្រីជំនាញទាំងអស់ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប។ លោកបានផ្តោតសំខាន់លើការបង្កើនការត្រួតពិនិត្យនិងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍បំផ្លិចបំផ្លាញនានា ដូចជាឧបករណ៍ឆក់ និងស្បៃមុង។
សូមជម្រាបថា ប្រជាពលរដ្ឋចំនួន៧០៤គ្រួសារនេះ ដែលមានជីវភាពខ្វះខាតទទួលបានអំណោយក្នុង១គ្រួសារៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ និងទឹកបរិសុទ្ធ ១ កេសផងដែរ៕
