ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត MH ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យរថយន្តមួយគ្រឿងរងការខូចខាតរួមជាមួយសម្ភារមួយចំនួនទៀត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នៅចំណុចយានដ្ឋានអឹមអេច MH ស្ថិតនៅតាមផ្លូវបេតុងខាងក្រោយស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី ២
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆេះ ចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងយានដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាក់ទងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលឲ្យឆេះរាលដាលឡើយ។
តាមនគរបាលបានឲ្យដឹងទៀតថា រថយន្តមួយគ្រឿងម៉ាកកូឡាត្រូវភ្លើងឆេះរងការខូចខាត និងពុំបណ្ដាលឱ្យឆេះរាលដាលទៅរថយន្តផ្សេងៗទៀតឡើយ។
ម្ចាស់យានដ្ឋានបានឲ្យសមត្ថកិច្ចដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងភ្លើងអាគុយ។ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដោយឆែកកាមេរ៉ាសុវត្ថិភាព៕