ក្នុងកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( Double Taxation Agreement-DTA ) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ( General Tax Authority ) ក្នុងរាជធានីដូហា រដ្ឋកាតា នាថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០២៤ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋកាតា នឹងជំរុញកំណើនពាណិជ្ជកម្មទាំងការវិនិយោគទៅវិញទៅមកជាពិសេសអត្ថប្រយោជន៍ ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ច ព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( DTA ) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងន័យនេះ DTA បានផ្តល់ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើនដែលមានជាអាទិ៍ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួនទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( DTA )រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេស និងយុត្តាធិការចំនួន១១ ដែលមានប្រសិទ្ធភាពអនុវត្តរួមមាន សឹង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់ពិសេសរដ្ឋបាលហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ ចំពោះនិវាសនជននៃប្រទេសដែលបានចុះកិច្ចព្រមព្រៀងត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិជាមុនមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA ៕
ប្រភព៖ ព្រឹត្តិបត្រព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ