ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ គឺរួមគ្នារក្សាសុខភាពសិស្សឱ្យបានល្អ ដើម្បីឱ្យក្លាយជាទំពាំងដែលមានភាពរឹងមាំ និងមានគុណភាពសម្រាប់ប្រទេសជាតិ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានអំពាវនាវបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងទិវារំលឹកគុណគ្រូបង្រៀន ដែលមានអ្នកចូលរួមសរុបជាង ២.០០០ នាក់នៅបរិវេណវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាមនាព្រឹកថ្ងៃទី ២៨ តុលានេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖កាយសម្បទាមាំមួន គឺផ្តើមចេញពីអាហារូបត្ថម្ភ គឺជាការលូតលាស់ នៃប្រព័ន្ធប្រសាទរបស់មនុស្សយើង ធ្វើឱ្យសិស្សរៀនសូត្របានពូកែ គឺសុខភាពនេះឯង ។ប៉ុន្តែបើសុខភាពមិនល្អហើយ គឺពិបាកឱ្យសិស្សរៀនពូកែ ។ អ៊ីចឹងយើងត្រូវគិតគូរពីបញ្ហាសុខភាពរបស់សិស្ស ដោយត្រូវមើលតាំងពីការរៀបចំលក់ដូរនំចំណីនៅក្នុងសាលារៀន និងការទទួលទានរបស់សិស្សនៅតាមផ្ទះសំបែង ដោយត្រូវឱ្យអាណាព្យាបាលជួយមើល ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ហើយសាលារៀនត្រូវរៀបចំលើការលក់ឱ្យបានត្រឹមត្រូវមានអនាម័យ។ ចៀសវាងការលក់ដូរចំណីអាហារទាំងឡាយណាដែលធ្វើឱ្យសិស្សទទួលទានទៅប៉ះពាល់ដល់សុខភាពរបស់ពួកគេ(សិស្ស)។
ឯកឧត្តមបានបន្ថែមថា៖ ជាពិសេស គឺចំណីអាហារផ្អែមតែម្តងដែលបង្កឱ្យប៉ះពាល់សុខភាព ជាក់ស្តែងប៉ុន្មានខែមុននេះ ខាងមន្ទីរពេទ្យគន្ធបុប្ផាបានចេញរបាយការណ៍ថា មានក្មេងអាយុក្រោម ១២ ឆ្នាំ ប្រមាណជាង ៧០០ នាក់មានជំងឺទឹកនោមផ្អែម គឺធ្វើឱ្យប៉ះពាល់ដល់ក្រលៀនគាត់ខូចអស់ គឺជាមូលហេតុបណ្តាលមកពីទទួលទានជាតិផ្អែមលើសកម្រិត។
ក្រោយពីខាងជំនាញសិក្សាបង្ហាញថា គាត់( សិស្ស) ទទួលទាននៅខាងក្រៅផង មកដល់ចូលរៀននៅសាលាគាត់ទទួលទានបន្ថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់គាត់ បង្កឱ្យខូចប្រព័ន្ធរាងកាយខាងក្នុងរបស់គាត់ បណ្តាលឱ្យធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ប៉ះពាល់ដល់ការសិក្សា ប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី។ បញ្ហាដ៏សំខាន់នេះយើងត្រូវតែរួមគ្នារក្សាឱ្យបាននូវសុខភាពរបស់សិស្សបានល្អ ហើយក្មួយៗជាសិស្សទាំងក៏ត្រូវមានការប្រយ័ត្នប្រយែងខ្លួនឯងផងដែរ។ ពិសេសត្រូវកាត់បន្ថយចំណីអាហារមានជាតិផ្អែម៕