ព័ត៌មានជាតិ

ផ្លូវបេតុងនិងក្រាលកៅស៊ូឆ្លងកាត់ទំនប់ជ្រោយចេកនិងទំនប់កែប្រែនៅស្រុកកំពង់សៀមបាននិងកំពុងដំណើរការសាងសង់

ដោយ៖ គង់ហេង
កំពង់ចាម៖ ផ្លូវប្រវែងសរុប ១៣,៨០ គីឡូម៉ែត្រផ្លូវចាប់ពីក្បែរសាលាឃុំទ្រាន ឆ្ពោះទៅរង្វង់ឃុំស្រក ស្រុកកំពង់សៀម បាន និងកំពុងដំណើរការស្ថាបនា ក្រោមឥណទានធនាគារពិភពលោក និងសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្រ្តាក់សិនខូអិលធីឌី ( M.TA Construction Co.Ltd)។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីជំនាញដែលអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូថ្មី និងផ្លូវបេតុងចាប់ពីឃុំទ្រាន ទៅដល់ឃុំស្រក ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២៧ តុលានេះ។

ប្រភពព័ត៌មាននោះបានបញ្ជាក់ថា៖ ផ្លូវចាប់ពីឃុំទ្រាន ទៅដល់ រង្វង់មូល នៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប ១៣,៨០ គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ ម៉ែត្រ ដោយក្រាលកៅស៊ូ ពីរជាន់ និងចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ ១ជាន់។ ចាប់ពី PK2+900 to 5+000 គឺប្រវែង ២.១០០ម៉ែត្រ នៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងចិញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ ១ជាន់ សរុបទទឹងផ្លូវ គឺ ៨ម៉ែត្រ។

ប្រភពព័ត៌មានបានបន្តថា៖ ទីតាំងចាប់ពី PK8+700 to 9+200 គឺមានប្រវែង ៥០០ ម៉ែត្រ ដែលនៅលើទំនប់កែប្រែមានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងចិញ្ចើមផ្លូវ ០,៥ ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ ១ជាន់ សរុបទទឹងផ្លូវ ៨ ម៉ែត្រដែរ ។ សរុបប្រវែងផ្លូវបេតុង ទាំងពីរទីតាំង គឺ ២.៦០០ ម៉ែត្រ។

សូមបញ្ជាក់ថា ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលមានប្រវែង ៧៥.៣គីឡូម៉ែត្រ ដែលមានស្រុកចំនួន ៣ គឺ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និង ស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារពិភពលោក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd) ៕