សន្ដិសុខសង្គម

អាជ្ញាធរ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទនៅផ្ទៃទឹកក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំង

ដោយ : បន្ទាយ

កំពង់ឆ្នាំង៖ ក្រោមការបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចជំនាញទាំងក្នុងខេត្តនិងស្រុក បានបន្តការបង្ក្រាបនិងទប់ស្កាត់បទល្មើសដែលផ្ទុយពីច្បាប់នេសាទគ្រប់ទម្រង់ទាំងនៅរដូវបិទនិងរដូវបើកនេសាទ។

កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជលគីរី ដឹកនាំដោយវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយអភិបាលរងស្រុក ម៉ុត ម៉េង ចុះបង្ក្រាបបទល្មើសនេសាទប្រើបង្គោលនិងស្បៃមុងនៅចំណុចក្រោយភូមិឫស្សីដង្គួច និងក្រោយភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានបង្ក្រាបបទល្មើសនេសាទស្បៃមុងចំនួន ៧ កន្លែង ប្រវែងសរុប ២២០ ម៉ែត្រ និងលូស្បៃមុងចំនួន ៧ លូ បង្គោលចំនួន ១១៥ ដើម។ ក្រុមការងារបានចាក់លែងកូនត្រីចំនួន ១៥ គីឡូក្រាម ចូលបឹងធម្មជាតិវិញ និងបំផ្លាញសម្ភារដែលក្រុមឧក្រិដ្ឋប្រើប្រាស់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចមានកម្លាំងចំនួន ១៣ នាក់ និងប្រើប្រាស់មធ្យោបាយផ្ទាល់ដូចជា កាណូតបាឡាស្មាច់ចំនួន ៤ គ្រឿង។

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានសង្កេតឃើញការបង្ក្រាបបទល្មើសនេសាទជាច្រើនករណីកន្លងមក ដោយកម្លាំងសមត្ថកិច្ចចម្រុះ បន្តធ្វើការបង្ក្រាបយ៉ាងស្វិតស្វាញនិងសកម្មដែរ ៕