ដោយ : បន្ទាយ
សៀមរាប : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ខភម) ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ។
កម្មវិធីមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងនិងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា :ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ដូច្នេះ បងប្អូនត្រូវតែខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត ក្នុងភូមិសាស្រ្តខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕