ដោយ : បន្ទាយ
កំពង់ធំ៖សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលឃុំសំព្រោជស្រុកស្ទោងបានឲ្យដឹងថ្ងៃទី២១ខែតុលាថា ជនបង្កឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
មុនកើតហេតុជនដៃដល់(ជាអតីតប្តី ដែលប្រពន្ធសុំលែង កាលពីពេលកន្លងមកនេះ) មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ សួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងមានតែចាំជួបទៅសាលាឃុំ ។
ជនសង្ស័យ បានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃនៅណា? ជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ? ជនសង្ស័យនិយាយបន្តថា បើទៅភ្នំពេញមានតែទៅជួបប្រុស។
ភ្លាមនោះជនរងគ្រោះបិតទូរស័ព្ទ បិតលេខជនសង្ស័យមិនឱ្យខលចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់ជនរងគ្រោះ ។
សូមបញ្ជាក់ថា ស្របពេលនោះ ជនសង្ស័យបានផឹកស្រាបៀរជាមួយគ្នីគ្នា៤នាក់ ។ លុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ក៏បានខ្ចីម៉ូតូមិត្ដភ័ក្រ្ដ១គ្រឿង និងមានដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់មុខផ្ទះជនរងគ្រោះ ភូមិឃុំខាងលើ។
សមត្ថកិច្ចនគរបាលអោយដឹងថា: ជនសង្ស័យបានវាយបុកទំលុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយនិងដំបងទីបចូលទៅកាប់និងចាក់លើជនរងគ្រោះ ត្រូវចំក្បាល៣កន្លែង និងដៃសងខាង។
សមត្ថកិច្ចបន្តថា: នេះជាករណីប៉ុនប៉ុងឃាដកម្មមួយ ដែលបណ្តាលឲ្យស្រ្តីឈ្មោះ ឃឿន ណាវី អាយុ១៩ឆ្នាំជាអតីតប្រពន្ធ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តសៀមរាប។
ក្រោយអំពើឃាតកម្មមិនបានសម្រេចនោះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទោង និងប៉ុស្តិ័រដ្ឋបាលឃុំសំព្រោជឃាត់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី៕