ព័ត៌មានជាតិ

បិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ

ដោយ : បន្ទាយ
កំពង់ធំ៖ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ និងប្រគល់ជយលាភីជូនដល់ទូកដែលចូលរួមប្រណាំង។

លោក  នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតថា : ក្នុងឆ្នាំនេះ ការប្រកួតថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានទូកចូលរួមចំនួន៦៥ទូក ។ក្នុងនោះទូកវែង០៩ទូក ទូកខ្នាតអន្តរជាតិ៤១ទូក ទូកផ្កាចារចំនួន១៥ទូក កីឡាករ កីឡាការិនីសរុបចំនួន២.០៦១នាក់ ក្នុងនោះមានចំណុះពិត១.៦៩១នាក់ និងកីឡាករបម្រុងចំនួន៣៧០នាក់។

ការរៀបចំពិធីនេះ ដើម្បីបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង និងរំលឹកដល់ភាពខ្លាំងក្លានៃកងទ័ពជើងទឹកពីសម័យបុរាណ។

នៅក្នុងឱកាសនោះ លោកវង្សី វិស្សុត  ឧបនាយករដ្ឋមន្រ្ដីប្រចាំការ និងលោកស្រី  បានប្រគល់ជយលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ដូចខាងក្រោម៖ ១.ទូកវែងបុរស៖ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ផែនលេខ២ទទួលបានថវិកា ៣.០០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀល។
២.ទូកវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ទូកខ្នាតអន្តរជាតិបុរស៖ផែនលេខ១ទទួលបានថវិកា ១.៨០០.០០០រៀល, ផែនលេខ២ ទទួលបានថវិកា ១.២០០.០០០រៀល, ផែនលេខ៣ ទទួលបានថវិកា ៨០០.០០០រៀល។
៣.ទូកខ្នាតអន្តរជាតិនារី៖ ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល។
៤.ទូកផ្កាចារបុរស៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ៦០០.០០០រៀល។
៥.ទូកផ្កាចារនារី៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល ។

ក្រៅពីនេះ លោកក៏បានប្រកាសឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំការប្រណាំងទូកនេះដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកខេត្តកំពង់ធំ ធ្វើតាមដងស្ទឹងសែនក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបង្ហោះគោម ការបាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់លក់ផលិតផល និងម្ហូបអាហារជាច្រើនប្រភេទផងដែរ ៕