សន្ដិសុខសង្គម

ថៃបញ្ជូនសាកសពពលករខ្មែរ៤នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវមកកម្ពុជា

ដោយ : បន្ទាយ

ព្រំដែនកម្ពុជា-ថៃ៖ សាកសពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវប្រទេសថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិភ្នំដីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខេត្តបាត់ដំបង។

យោងប្រភពពីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានឲ្យដឹងថា៖ សាកសពជនរងគ្រោះ៤នាក់រួមមាន៖ ១.ឈ្មោះ  សុផាន ភេទប្រុស អាយុ២៤ឆ្នាំ, ២.ឈ្មោះ ផុន សុផាត ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ ផាត សុភុត ភេទប្រុសអាយុ២ឆ្នាំ(ត្រូវជាកូនប្រុសឈ្មោះផុន សុផាន) រស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប, ៤.ឈ្មោះ អ៊ុត សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ.ឃុំសារ៉ាកូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកថៃបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤ នៅភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកពលករខ្មែរក្នុងគោលដៅទៅកាន់ខេត្តណាក់បូរីបានបុកជាមួយរថយន្តថៃបើកបរលក្ខណៈគ្រួសារបណ្តាលឲ្យស្លាប់មនុស្ស៤នាក់ក្នុងនោះមានក្មេងម្នាក់ជាពលករខ្មែរ និងជនជាតិថៃរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានសង្គ្រោះ។

ប្រភពបន្តថា៖ ក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកគ្នាបណ្តាលពលករខ្មែរ៤នាក់ស្លាប់ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនសាកសពពលករខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដី-ខាវឌិន ខេត្តស្រះកែវ- ខេត្តបាត់ដំបងដើម្បីប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕