កម្សាន្ដ

ពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំនេះភ្ញៀវទេសចរចូលកម្សាន្តក្នុងខេត្តបាត់ដំបងជាង១លាននាក់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ពិធីបុណ្យអុំទូក បណ្តែតប្រទីប ក្នុងខេត្តបាត់ដំបងឆ្នាំនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្តជាង ១លាននាក់ កើនឡើងជាងឆ្នាំចាស់២០២៣។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងក្រោយបញ្ចប់ការប្រណាំងទូកង ថា៖  រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលានេះពិធីបុណ្យអុំទូក បណ្តែតប្រទីបឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទីតំបន់ចូលមកលេងលំហែកាយក្នុងខេត្តបាត់ដំបង មានចំនួន ១.១៧៣.៣៨៦ នាក់ មានការកើនឡើងចំនួន ៧,១១% ធៀបឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរជាតិ សរុបចំនួន ១.១៧២.៨៩៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៤៩០ នាក់។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបន្ថែមថា÷ កត្តាដែលភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សាក្នុងខេត្តបាត់ដំបងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់នេះដោយសារកត្តាអាកាសធាតុអំណោយផល សន្តិសុខល្អ មានសុវត្ថិភាព មានអនាម័យបរិស្ថាន រួមទាំងសេវាកម្មទេសចរណ៍ប្រសើរផងដែរ ។ ក្រៅពីនេះក្រុមការងារគណៈកម្មការរៀបចំបុណ្យជាតិអុំទូក ក៏ដូចជាមន្ទីរទេសចរណ៍បានសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់គ្រប់ជ្រុងជ្រោយ បញ្ចៀសការកកស្ទះចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ និងចំណីផ្សេងៗឲ្យមានរបៀប រៀបចំធុងសំរាមសម្រាប់ទុកដាក់កាកសំណល់នានាបានត្រឹមត្រូវ ពិសេសបានណែរនាំដល់អាជីវករមិនឲ្យដំឡើងតម្លៃម្ហូបអាហារ សេវាផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវឲ្យស័ក្ដិសមជាម្ចាស់ផ្ទះប្រកបដោយសភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាល។

ម៉្យាងទៀតខេត្តបាត់ដំបងមានសក្តានុពលទេសចរណ៍ទូលំទូលាយជាច្រើនដូចជាគោលដៅរមណីយដ្ឋានភ្នំបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ រមណីយដ្ឋានអាងទឹកកំពីងពួយ ឡូរីរត់តាមជើងភ្នំបាណន់ជិះលេងកម្សាន្ត និងមណ្ឌលកម្សាន្តកែច្នៃផ្សេងៗបានទាក់ទាញអារម្មណ៍ឲ្យភ្ញៀវទេសចរចំណាយពេលវេលាមកពីទីជិតឆ្ងាយដើម្បីបានសប្បាយរីករាយ៕