សន្ដិសុខសង្គម

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអំពាវនាវម្ចាស់ម៉ូតូយកឯកសារទៅមើលនិងយកម៉ូតូ, បញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ ស្ដីពីករណីចោរលួចម៉ូតូ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

(ជនរងគ្រោះ)

ភ្លាមៗនោះកម្លាំងបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកវត្ថុតាងម៉ូតូ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យ កម្លាំងជំនាញទទួលបានតម្រុយនៃបទល្មើសពាក់ព័ន្ធលួចម៉ូតូ ហើយយកទៅលក់នៅកន្លែងទទួលទិញនិងបញ្ចាំមួយកន្លែង។

បន្ទាប់មកលោកមេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សុំគោលការណ៍និងសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែងនោះស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ ពេលកម្លាំងត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើនោះរកឃើញមានម៉ូតូចំនួន៣១គ្រឿង និងម៉ូតូកង់បីចំនួន០១គ្រឿងផងដែរ។ចំណែកឯជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ចំពោះវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម។

ចំណែកជនសង្ស័យក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយរាល់សកម្មភាពលួចម៉ូតូបានខ្លួនតែងតែយកទៅលក់ឱ្យហាងបញ្ចាំខាងលើ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួន​ចាត់ការតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង៕