ព័ត៌មានជាតិ

ពិធីបុណ្យអុំទូក បណ្តែតប្រទីបឆ្នាំនេះ រដ្ឋបាលខេត្តបាត់ដំបងត្រៀមទូក៥ប្រភេទ សរុប ៤២ទូកចូលរួមប្រកួតតាមប្រពៃណីដូនតាខ្មែរ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង: ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ថ្ងៃបុណ្យចេញព្រះវស្សាឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង ត្រៀមទូក ៥ប្រភេទ សរុបចំនួន ៤២ទូកចូលរួមអបអរ និងត្រៀមកីឡាករជិត ១៥០០នាក់ប្រកួតប្រជែងក្នុងស្មារតីសាមគ្គីភាពប្រពៃណីដូនតា។

មន្ត្រីអនុគណ:កម្មការផ្សព្វផ្សាយព័ត៌មានបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤នេះថា៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប ថ្ងៃបុណ្យចេញព្រះវស្សាតាមប្រពៃណីឆ្នាំនេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំទូកសរុបចំនួន ៤២ទូកចូលរួមប្រកួត ក្នុងនោះបែងចែកប្រភេទទូកចំនួន ៥ រួមមាន៖ ទូកមង ឬទូកផ្កាចារចំនួន ៦ទូក, ប្រភេទទូកខ្នាតអន្តរជាតិនារី ចំនួន ២ទូក, ប្រភេទទូកខ្នាតអន្តរជាតិបុរស ចំនួន ៦ទូក, ប្រភេទទូកខ្នាតខ្លីប្រពៃណីជាតិ ចំនួន ២៣ទូក និងប្រភេទទូក « ង » ខ្នាតវែងប្រពៃណីជាតិ ចំនួន ៥ទូក និងដោយមានកីឡាករ កីឡាការិនីត្រៀមចូលរួមចំនួន ១៤៩៣នាក់។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កន្លងមកបានលើកឡើងថា៖ ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ក៏ដូចជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករពិតជាបានបង្ហាញឱ្យឃើញពីការលើកទឹកចិត្ត ក្តីស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡា ជាពិសេសលើកស្ទួយវប្បធម៌ កេរដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព បង្កភាពរីករាយ ភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្រោយការសម្រាកពីការនឿយហត់ការងារបង្កបង្កើនផលផ្សេងៗ។

(រូបឯកសារ)

ពិធីប្រណាំងទូក « ង» នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលតែងតែរៀបចំស្របគ្នានឹងថ្ងៃចេញព្រះវស្សានេះដែរក៏មានគោលបំណងផ្សារភ្ជាប់ទំនៀមទំម្លាប់ប្រពៃណី និងវប្បធម៌ របស់ពលរដ្ឋខ្មែរក្នុងនិងក្រៅខេត្ត លើសពីនេះក៏សំដៅទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងកម្សាន្ត ទស្សនានូវសមិទ្ធផលផ្សេងៗក្នុងខេត្តបាត់ដំបងយើងដែលកំពុងមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕