ដោយ៖សុខុម
កំពង់ធំ៖ ករណីមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បើករថយន្ដបុកអ្នកជិះម៉ូតូបណ្តាលឱ្យម្ដាយស្លាប់នៅនឹងកន្លែង និងកូនពីរនាក់ទៀតរងរបួសធ្ងន់កាលពីពីរថ្ងៃមុនមកដល់ថ្ងៃទី១០ខែតុលា ឆ្នាំ២០២៤ ជនបង្កសមត្ថកិច្ចពុំទាន់ឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ។
ប្រភពពីកន្លែងកើតហេតុ បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវ១០២ ភូមិបល្ល័ង្កឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤។
នៅកន្លែងកើតហេតុគេឃើញបន្សល់ភស្តុតាងមានរថយន្តបាឡែន ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ2I- 70 98ត្រូវបានម្ចាស់រថយន្តឈ្មោះ ឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើ។គេដាក់ការសង្ស័យថាមន្រ្តីអ្នកបើកបររថយន្តទំនងជាស្រវឹងស្រា។
សមត្ថកិច្ចបានបញ្ជាក់ក្រោយហេតុការណ៍ថាជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុឈ្មោះយាយម៉ៅ អាយុ៥៧ឆ្នាំ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អ្នករងគ្រោះរងរបួសធ្ងន់ពីរនាក់ទៀតគឺជាកូនរបស់គាត់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ រីឯជនបង្កឈ្មោះឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើបាក់ស្នា បានរត់បាត់ស្រមោល៕