សន្ដិសុខសង្គម

បុរសជនជាតិចិនបើកឡានបុ.កម៉ូតូប៉ើងខ្ទាតបណ្តាលឲ្យស្លា.ប់ រួចបើករត់គេចពីកន្លែងកើតហេតុនៅស្រុករលាប្អៀរ

ដោយ : បន្ទាយ
កំពង់ឆ្នាំង៖បុរសជនជាតិចិនម្នាក់បានបង្កករណីគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់រួចបើករត់គេចពីកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីម៉ោងប្រមាណ០៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA-1488 បើកបរដោយបុរសជនជាតិចិន អាយុប្រហែល៥០ឆ្នាំ បើកពីទិសខាងត្បូង ទៅទិសខាងជើង ។លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកវេវ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1B-1494 បណ្តាលឲ្យប៉ើងខ្ទាតម៉ូតូនិងអ្នកបើកបរទៅគន្លងផ្លូវខាងលិច។
ចំណែកអ្នកបើកបរម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង(Ssangyong) ពណ៌ស មិនស្គាល់ផ្លាកលេខនិងអត្តសញ្ញាណអ្នកបើកបរ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង អូសជាប់ពីក្រោមរថយន្ត រហូតដល់មុខស្ថានីយប្រេងឥន្ធនៈភីធីធី(ptt) ចម្ងាយ១០០០ម៉ែត្រ ទើបខ្ទាតមនុស្សចេញពីក្រោមរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ។

ប្រភពដដែលអះអាងថា ជនរងគ្រោះមានឈ្មោះ ហង្ស យុន ភេទប្រុស អាយុប្រហែល៦០ឆ្នាំ រស់នៅភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយឡែកជនបង្កជាជនជាតិចិនដែលព្យាយាមបើករត់គេចនោះ ឮថាត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយឈ្មោះឆេន បាវរ៉ុង (Chen Baorong) ភេទប្រុស អាយុ ៥១ឆ្នាំ បច្ចុប្បន្នឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតាមនីតិវិធី ករណីមិនព្រមឈប់ និងបន្តរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងមិនទទួលខុសត្រូវ។

ដោយឡែកលោកកេត យ៉ុង ស្នងការរងនគរបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកការងារចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងពុំអាចផ្តល់ព័ត៌មានលំអិតបានឡើយពីករណីខាងលើ គ្រាន់តែប្រាប់ខ្លីថា «អ្នកបើកបរចាប់បាន មិនរត់ទេ»៕