កម្សាន្ដ

រយ:ពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវមកលេងក្នុងខេត្តកំពតជាង១២ម៉ឺននាក់

ដោយ៖កំចាយ

កំពត÷ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយ:ពេលបីថ្ងៃ ភ្ញៀវទេសចរជិតឆ្ងាយបានចូលមកលេងកម្សាន្តនៅខេត្តកំពតជាង១២ម៉ឺននាក់។ ស្ថានភាពនៃការធ្វើដំណើររបស់ភ្ញៀវមានលក្ខណ:ល្អប្រសើរដោយពុំមានករណីគ្រោះថ្នាក់កើតឡើងឡើយ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា៖ គិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ដែលជាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ទេសចរចូលមកលេងកម្សាន្ត និងស្នាក់អាស្រ័យក្នុងខេត្តកំពតមានចំនួន១២៤.០៦៩នាក់។ ក្នុងនោះ ទេសចរជាតិមាន១២៣.៤៩១នាក់ និងភ្ញៀវអន្តរជាតិចំនួន៥៧៨នាក់។

តាមរបាយការណ៍ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានបញ្ជាក់ថា រយ:ពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ៕