កំពត÷ ជាអ្នកមានតួនាទីភារកិច្ចគ្រប់គ្រងមន្ទីរអង្គភាព មេដឹកនាំម្នាក់ៗត្រូវគ្រប់គ្រង និងរ៉ាប់រងុំន្ត្រីក្រោមឱវាទរាល់បញ្ហា មិនមែនគិតតែក្រុមគ្រួសារផ្ទាល់ខ្លួនទេ។ នេះជាការក្រើនរម្លឹករបស់អភិបាលខេត្តកំពតដែលបានរំលេចឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្ត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ជាតិសាសន៍មួយមានភាពថ្លៃថ្នូរអាស្រ័យដោយពលរដ្ឋប្រតិបត្តិបានត្រឹមត្រូវនូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតា។ សកម្មភាពឪពុកម្តាយ ជីដូនជីតាក្នុងាការយកចិត្តទុកដាក់ ថែរក្សា ផ្គត់ផ្គង់កូនចៅជាគំរូសម្រាប់ពួកគេយកទៅអនុវត្តបន្ត។ យ៉ាងណាមិញ ប្រធានមន្ទីរ អង្គភាពដែលថ្នាក់ដឹកនាំផ្តល់ទំនុកចិត្ត ប្រគល់តំណែងតួនាទីនោះត្រូវរ៉ាប់រងរាល់បញ្ហារបស់មន្ត្រីក្រោមឱវាទ។
លោកអភិបាលខេត្តបានបញ្ជាក់ថា លោកនឹងពិនិត្យតាមដានគ្រប់មន្ទីរអង្គភាពថាតើមានប្រធានប៉ុន្មាននាក់ដែលបានយកចិត្តទុកដាក់ដល់មន្ត្រី ដូចជា ស្បៀងអាហារ សម្លៀកបំពាក់ ឬថវិកាក្នុងឱកាសបុណ្យទានសំខាន់ៗ ពិសេសពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខ។ ជាមេអង្គភាពមិនត្រូវគិតតែនាំក្រុមគ្រួសារដើរសប្បាយ ឬចេញទៅកម្សាន្តនៅបរទេសដោយមិនខ្វល់ពីសុខទុក្ខមន្ត្រីក្រោមឱវាទទេ។
លោក ម៉ៅ ធនិន បានបញ្ជាក់ទៀតថា សតិអារម្មណ៍ជាបញ្ហាសំខាន់សម្រាប់នយោបាយដឹកនាំ។ សាមគ្គីផ្ទៃក្នុងល្អជាកត្តាចម្បងចំពោះមន្ទីរ អង្គភាពនីមួយៗដើម្បីជោគជ័យការងារ។
ពាក់ព័ន្ធអ្នកប្រកបរបរទាក់ទិននឹងវិស័យទេសចរណ៍ លកអភិបាលខេត្តបានក្រើនរម្លឹកថា ពីមួយថ្ងៃទៅមួយថ្ងៃ ភ្ញៀវដែលបានចូលមកលេងក្នុងខេត្តកំពតតែងកើនឡើងជាលំដាប់។ ដូច្នេះ ប្រតិបត្តិករទេសចរណ៍ទូទាំងខេត្តត្រូវបន្តប្រកាន់នូវសុចរិតភាពចំពោះអាជីវកម្មរបស់ខ្លួនដោយមិនត្រូវធ្វើឲ្យភ្ញៀវធុញទ្រាន់ ឬអាក់ចិត្តនាំដល់ខាតបង់ប្រយោជន៍សម្រាប់មុខរបរយូរអង្វែងនោះឡើយ៕