ដោយ៖ គង់ហេង
កំពង់ចាម៖ លោក បាន ស្រេង ជាអភិបាលរងស្រុកម្នាក់ បានឡើងតំណែងជាអភិបាលស្រុកស្ទឹងត្រង់ ជំនួសលោក ទុន ណេត ដែលត្រូវផ្ទេរតំណែងជាអភិបាលស្រុកកំពង់សៀម។ ដោយពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តនៅក្នុងសាលាស្រុកស្ទឹងត្រង់ នៅរសៀលថ្ងៃទី ២៦ កញ្ញានេះ។
នាឱកាសនោះបន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោក បាន ស្រេង ជាអភិបាលស្រុកស្ទឹងត្រង់ថ្មី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ អភិបាលស្រុកទើបចូលកាន់តំណែងថ្មី ត្រូវមានសិល្បៈក្នុងការគ្រប់គ្រង ដោយភាពទទួលខុសត្រូវ និងចេះចែករំលែកការងារដល់អភិបាលរងស្រុក ដើម្បីធ្វើការជាសេនាធិការ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ ត្រូវខិតខំបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពោលគឺការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្រ្តរបស់ខ្លួន បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឲ្យបាន កុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមបានបន្ថែមថា៖ ត្រូវជំរុញនូវការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅ ប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ លោកអភិបាលស្រុក ទើបតែឡើងកាន់តំណែងថ្មីត្រូវបំពេញបន្ថែមមន្ត្រី ដើម្បីរង់ចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ត្រូវមើលទៅលើឥរិយាបទរបស់មន្ត្រីដែលកំពុងបម្រើ ការងារផ្តល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្មជាដើម។
ឯកឧត្តមបានបន្តថា៖ ត្រូវបង្កើនការយកចិត្តទុកដាក់ អភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមានឡើង បញ្ហានៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី ។ ចំពោះការអភិវឌ្ឍន៍ត្រូវយកបទពិសោធដែលធ្លាប់មាន មកបន្តអភិវឌ្ឍនៅក្នុងស្រុកស្ទឹងត្រង់នេះឱ្យស្របតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយអ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ដល់ថ្នាក់ឃុំ៕