ព័ត៌មានជាតិ

អនុប្រធានទី១គ្រោះមហន្តរាយចុះពិនិត្យការបាក់ស្រុតច្រាំងទន្លេមេគង្គនៅផ្សារជីហែស្រុកកោះសូទិន

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យការបាក់ស្រុតច្រាំងទន្លេមេគង្គ នៅចំណុចផ្សារជីហែ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នៅព្រឹកថ្ងៃទី ២៦ កញ្ញា។ ខណៈទឹកទន្លេមួយនេះបន្តហក់ឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ និងកម្រិតត្រូវប្រកាសអាសន្នកម្ពស់ ១៥,២០ ម៉ែត្រ។


តាមការឱ្យដឹងពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមដែលបានអមដំណើរប្រតិភូគណៈកម្មាធិការជាតិគ្រោះមហន្តរាយដែរនោះ បានបញ្ជាក់ថា៖ ទីតាំងច្រាំងទន្លេដែលរងការបាក់ស្រុតខាងលើមានប្រវែងបណ្តោយ៦៣ ម៉ែត្រ និងទទឹង ២ ម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្នច្រាំងទន្លេដែលរងការបាក់ស្រុត ខាងគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលមូលដ្ឋាន យកបាវច្រកខ្សាច់ទប់ការពារការបាក់ស្រុតច្រាំងបន្តទៀត។

សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម ១៤,៣០ម៉ែត្រនៅព្រឹកថ្ងៃទី២៦ កញ្ញា ធៀបនឹងថ្ងៃទី ២៥ កញ្ញាម្សិលមិញ ទឹកបានឡើង ០,២០ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹមតែ ១២,១៦ម៉ែត្រ ប៉ុណ្ណោះ។ កម្ពស់ទឹក ១៤,៣០ម៉ែត្រនេះបានបណ្តាលឱ្យជន់លិចហូរចូលព្រែក បឹងបួ ចំនួន ៣៧/៤១ព្រែក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។

ក្នុងនោះ បើតាមរបាយការណ៍ គ្រោះមហន្តរាយខេត្តកំពង់ចាម បានឱ្យដឹងថា គិតមកដល់ពេលនេះ ទឹកជំនន់ទន្លេបានធ្វើឱ្យបាក់ច្រាំងទន្លេប្រវែង ៧.៥០៣ម៉ែត្រ ។ លិចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវប្រវែង ២២.០៨៨ម៉ែត្រ។ ក្នុងនោះផ្លូវដី ប្រវែង ១៣.៣០៩ម៉ែត្រ, បេតុង ប្រវែង ៨.៥១៩ម៉ែត្រ និងផ្លូវកៅស៊ូ ២៦០ម៉ែត្រ ស្ពាន ២ កន្លែង សាលារៀន ១៣កន្លែង, វត្តអារាម ៧កន្លែង និងផ្ទះ ១.៩៩៧ខ្នងផ្ទះ ។ ប៉ះពាល់ផលដំណាំស្រូវ សរុបចំនួន ១.២៨០,៨៣ហិកតា ពោត ចំនួន ១៨២,៧៥ហិកតា និងដំណាំផ្សេងៗ សរុបចំនួន ២៣៥,៣ហិកតា និងមានមនុស្សម្នាក់បានលង់ទឹកស្លាប់ ៕