ដោយៈសុខុម
មណ្ឌលគិរី៖ បុរសជនជាតិដើមភាគតិចនិងជាប្រធានភូមិម្នាក់ រស់នៅខេត្តមណ្ឌលគិរី បានរងនូវការចោទប្រកាន់ថាគប់គិតគ្នាលក់ដីមួយកន្លែងបន្លំឯកសារនិងគ្មានដីឱ្យអ្នកទិញ។
ក្រោយពុំទទួលបានដីអួសបន្លាយពេលវេលាយូរ ភាគីអ្នកទិញបានដាក់បណ្តឹងចូលទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរីដើម្បីទាមទាររកយុត្ថិធម៌។
លោក ឡុញ ភ័ត្រា ម្ចាស់ដើមបណ្តឹងបាននិយាយថា លោកបានទិញដីមួយកន្លែងដែលជាប់ផ្លូវ៥០ម៉ែត្របណ្តោយទំហំ១៣០០០ម៉ែត្រការ៉េពីលោកអ៊ុង សិរីវុទ្ធី មេភូមិពូរ៉ាង ឃុំសែនមនោរម្យស្រុកអូររាំង។
អ្នកទិញដីបានបញ្ជាក់ទៀតថា លោកបានទិញដីនៅឆ្នាំ២០២៣ ក្នុងតម្លៃ២ម៉ឺនដុល្លារ និងបានកក់ប្រាក់អស់ជាង៥ពាន់ដុល្លារមុនហើយ។
ក្រោយពីធ្វើកិច្ចសន្យា ទិញលក់ និងកក់ប្រាក់ដី ភាគីអ្នកទិញបានជូនដំណឹង ទៅអ្នកលក់ដីដែលជាប្រធានភូមិផងនោះឱ្យចេញមុខដោះស្រាយ ប៉ុន្តែគាត់គេចវេះហាក់មិនទទួលខុសត្រូវទាល់តែសោះ។ លុះមកដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤ លោក ឡុញ ភ័ត្រា សម្រេចដាក់ពាក្យបណ្តឹងចូលទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយប្តឹងឈ្មោះអ៊ុងសិរីវុទ្ធីប្រធានភូមិពូរ៉ាងពីបទរំលោភសេចក្តីទុកចិត្ត។
លោក អ៊ុង សិរីវុទ្ធី ប្រធានភូមិពូរ៉ាងនិងជាអ្នករៀបដីលក់ឱ្យទៅឈ្មោះ ឡុញ ភ័ត្រា បានប្រាប់អ្នកសារព័ត៌មានថា លោកយល់ព្រមសងប្រាក់ដែលខ្លួនទទួលកក់ទៅអ្នកទិញដីវិញទាំងអស់។ចំណែកអ្នកទិញដីបានបញ្ជាក់ថាលោកមេភូមិដែលលក់ដីខ្យល់ មកឱ្យខ្លួននោះមិនទាន់បាន ដោះស្រាយចប់តាមផ្លូវច្បាប់នៅឡើយ។
អ្នកច្បាប់ម្នាក់បានលើកឡើងថា សមត្ថកិច្ចគួរតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង រកខុសត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕