ដោយ៖កំចាយ
កែប÷ ក្រោយមានការរិះគន់លើហ្វេសប៊ុកបែបមួលបង្កាច់អំពីតម្លៃ និងគុណភាពម្ហូបអាហារនៅឆ្នេរកែប ក្រុមអាជីវករបានទាមទារដោយតម្រូវឲ្យអ្នកបង្ហោះសារមកសុំទោសជាសាធារណ:។
កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ហ្វេសប៊ុកមួយឈ្មោះ Jexng Ris បានផ្សាយផ្ទាល់ចេញពីចំណុចឆ្នេរខ្សាច់កែបមានខ្លឹមសារថា នៅឆ្នេរកែបបាយឆា១ចានតម្លៃ៦៥.០០០រៀល ស្រាបៀរ១កេស១២ម៉ឺនរៀល ក្តាមស្ងោរស្គមទន់ៗ១គីឡូក្រាម១២ម៉ឺនរៀល ចំណែកបង្គាស្អុយហូបមិនកើត។
ក្រោយឃើញការបង្ហោះបែបនេះ ក្រុមអាជីវករបានសម្តែងក្តីតូចចិត្តថា មិនដឹងមកពីមូលហេតុអ្វីទេ ឲ្យតែជិតដល់ពិធីបុណ្យផ្សេងៗតែងមានអ្នកមកបង្កាច់បង្ខូចខេត្តពួកគាត់ជានិច្ច។ ជាសំណូមពរ សូមអភិបាលខេត្តជួយស្វែងរកអ្នកមួលបង្កាច់នោះមកផ្សាយសុំទោសជាសាធារណ:ដើម្បីកុំឲ្យភ្ញៀវទូទៅយល់ច្រឡំ ព្រោះការផ្សព្វផ្សាយចេញទៅ អ្នកមើលក៏មិនតិចលាននាក់ដែរ។ អាចឈប់បានឈប់ទៅពាក្យមួលបង្កាច់គ្មានការពិត មិនថាតែខេត្តកែប ឬខេត្តដទៃនោះឡើយ។ បើរិះគន់ដើម្បីស្ថាបនាមិនថ្វីទេ សូមកុំឱ្យមានគំនិតជាន់ពន្លិចដូច្នេះ។
ស្ត្រីអ្នកលក់បាយឆា និងស្រាបៀរបានបញ្ជាក់ថា មុនពេលកុម្ម៉ង់ម្ហូបអាហារពីគាត់ យុវជន៣នាក់ដែលមកអង្គុយក្បែរកន្លែង ” ខ្ញុំស្រលាញ់ខេត្តកែប ” បានសួរនាំ ដោយគាត់ប្រាប់ថា បាយឆាមួយចានធំតម្លៃ៦ម៉ឺនរៀល ចំណែកស្រាបៀរ១កេស២០ដុល្លារ។ យុវជនទាំង៣នាក់ក៏យល់ព្រមកុម្ម៉ង់បាយឆា១ចាន និងស្រាបៀរកន្លះកេសតម្លៃ៤ម៉ឺនរៀល មិនមែន១កេស១២ម៉ឺនដូចការផ្សាយនោះទេ។
ចំណែកអ្នកលក់ក្តាមស្ងោរបានរៀបរាប់ថា បន្ទាប់ពីឃើញក្រុមយុវជន៣នាក់អង្គុយជុំគ្នា គាត់ចូលមកសួរនាំ និងប្រាប់ថា ក្តាមប្រភេទធាត់សុទ្ធ១គីឡូក្រាមតម្លៃ៣៥.០០០រៀល បើលាយគ្នាគឺ២៥.០០០រៀល។ ពេលនោះពួកគេព្រមទិញយកតម្លៃ២៥.០០០រៀល។ អ្នកលក់ក្តាមដដែលបានបញ្ជាក់ថា ក្តាមស្ងោរដើរលក់ឯណាមានតម្លៃដល់១២ម៉ឺនរៀល សូម្បីតែកាត់ថ្លៃ៥ម៉ឺនរៀលក៏ភ្ញៀវរត់ដែរ។
ដោយឡែកអ្នកលក់បង្គាអាំងបានបំភ្លឺថា ជាធម្មតា បង្គាពេលស្រុះ ឬអាំងរួចទុកយូរបន្តិចតែងតែខ្មៅក្បាលហើយ។ ឃើញក្បាលខ្មៅបែបនេះមិនមែនបង្គាស្អុយទេ។
លោក ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ករណីអាជីវករនៅឆ្នេរកែបប្រតិកម្មចំពោះវីដេអូឃ្លីបរបស់ក្មេងប្រុសម្នាក់ដែលបានបង្ហោះមួលបង្កាច់នោះគឺរដ្ឋបាលក្រុងបាន និងកំពុងពិនិត្យមើល ព្រមទាំងរៀបចំនីតិវិធីហើយ៕