ដោយៈសុខុម
ពោធិ៍សាត់៖ សមត្ថកិច្ចខេត្តពោធិ៍សាត់នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសម្នាក់ជាប់សង្ស័យរំលោភរួចសម្លាប់ក្មេងស្រីម្នាក់នៅស្រុកក្រគរ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់សង្ស័យឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ជនរងគ្រោះមានអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩D នៃវិទ្យាល័យអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី ស្ថិតក្នុងចំណុចត្រពាំងសម្រែ ស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ ។
តាមការបំភ្លឺរបស់ឈ្មោះ ផេម ផាន អាយុ៦៦ឆ្នាំ ត្រូវជាឪពុកបានប្រាប់ឲ្យដឹងថា ៖ កូនស្រីរបស់គាត់តែងតែដេញគោទៅឃ្វាលនៅចំណុចកើតហេតុដូចរាល់ដង។នៅថ្ងៃដដែល វេលាម៉ោង៥ល្ងាចពុំឃើញកូនដេញគោត្រឡប់មកវិញទេ។ ដោយមានការសង្ស័យក៏នាំគ្នាទៅរកមើល។ ស្រាប់តែប្រទះឃើញសពកូនបានស្លាប់បាត់ទៅហើយ នៅចំណុចចម្ការស្វាយចន្ទី ។បន្ទាប់មកក៏ផ្ដល់ដំណឹងដល់អាជ្ញាធរ។
តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទរបស់នារីរងគ្រោះមានដាច់រលាត់និងមានទឹកកាមបុរស ហើយនៅផ្នែកកមានស្នាមរបួសជាំ។
តាមការសន្និដ្ឋានរបស់ជំនាញ សាកសពស្លាប់ដោយអំពើរំលោភសម្លាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាបណ្ដោះអាសន្ន ដើម្បីសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រគរ៕