កម្សាន្ដ

ដំណើរឆ្ពោះទៅកាន់សហគមន៍ទេសចរណ៍បុរីអូរស្វាយ

ដោយ៖ សុខុម

ស្ទឹងត្រែងៈ ទឹកដីប្រវត្តិសាស្រ្តដែលមានស្តូបអនុស្សាវរីយ៍ បង្កើតឡើងដោយស្នាព្រះហស្ដព្រះបរមរតនកោដ្ឋដើម្បីការពារទឹកដី មិនឱ្យមានប្រទេសជិតខាងឈ្លានពានមកដល់បច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍន៍ និងទាក់ទាញពីសហគមន៍ទេសចរណ៍បុរីអូរស្វាយ។

បុរីអូរស្វាយគឺជាសហគមន៍ទេសចរណ៍មួយដែលស្ថិតនៅក្នុង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងជាប់ព្រំដែនកម្ពុជាឡាវ។
មុននឹងទៅដល់ទីនោះយើងត្រូវធ្វើដំណើរចេញពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ៧ដោយឆ្លងកាត់ស្ពានសេកុងមានចម្ងាយ ត្រឹមតែ៦២គីឡូម៉ែត្រប៉ុណ្ណោះ។ប៉ុន្តែ នៅពេលដែលយើងធ្វើដំណើរទៅនោះ នឹងឃើញពីទេសភាព និងការរស់នៅ របស់ប្រជាពលរដ្ឋបែបស្រុកស្រែចម្ការ ពួកគាត់កំពុងបំពេញការងារ ប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន។

ស្តូបអនុស្សាវរីយ៍ដែលយើងមើលឃើញសព្វថ្ងៃនេះគឺទាក់ទាញដល់សិស្ស និស្សិតនិងភ្ញៀវទេសចរមិនទាន់បានស្គាល់ ចុះទៅសិក្សាឈ្វេងយល់ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។ ពេលទៅដល់ទីនោះមិនពិបាកទេ គឺមានសហគមន៍ទេសចរណ៍មួយឱ្យឈ្មោះថាបុរីអូរស្វាយ។សហគមន៍មានសេវាកម្មលក់ម្ហូបអាហារផ្ទះស្នាក់ស្រាប់។
យើងក៏អាចជួយទិញពួកគាត់ដោយគ្រាន់តែចំណាយថវិកាតិចតួចបំផុត។ក្រៅពីមានផ្ទះស្នាក់នៅ ក៏អាចជិះទូកមើលព្រៃលិចទឹក, មើលការរស់នៅប្រជាពលរដ្ឋនៅតាមដីកោះផងដែរ។

ដើម្បីឱ្យធានាបាននិងសេវាកម្មល្អ កាលពីពេលកន្លងទៅនេះលោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានជំរុញបង្កើត រចនាសម្ព័ន្ធថ្នាក់ដឹកនាំក្នុងសហគមន៍ដែលមានសមាជិកចូលរួម និងគាំទ្រជាច្រើននាក់។
លោកអភិបាលស្រុកបាននិយាយសង្កត់ធ្ងន់ថា នៅពេលមានការដឹកនាំក្នុងសហគមន៍បន្ត ត្រូវយកចិត្តទុកដាក់បម្រើសេវាកម្មលក់ម្ហូបអាហារ ឱ្យមានរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យភ្ញៀវភ្លក់ម្តងហើយ ចង់មកម្តងទៀត។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងក៏បាននិយាយលើកទឹកចិត្តដល់សហគមន៍ឱ្យបន្តសកម្មភាពពង្រីកសេវាកម្មក្នុងសហគមន៍របស់ខ្លួនធំជាងមុនប្រកបដោយគុណភាព។នៅពេលខាងមុខមន្ទីរនឹងជួយទៅដល់សហគមន៍តាមលទ្ធភាពបន្ថែមទៀតដែលអាចធ្វើទៅបាន៕