សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិថៃ០២នាក់ ទៅសាលាដំបូងខេត្តករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ មុនពេលបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានព័ត៌មានពីសន្តិសុខដែលយាមនៅក្បែរបេនឡានចាន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថាមានករណីប្រើប្រាស់គ្រឿងញៀនជាប្រចាំ។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានឱ្យដឹងនៅថ្ងៃទី២២ខែកញ្ញាថា:  ក្រោយពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖  គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (កេតាមីន) ​ចំនួន០៥ថង់កិប ទម្ងន់ ៧,៤០ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកNEX ពណ៌ខៀវ គ្មានផ្លាកលេខ, និងសម្ភារមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

ជនសង្ស័យទាំង០២នាក់ ១-ឈ្មោះ សិតធិផុន ហមឆាំចារឺន ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅបណ្ដោះឣាសន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ វ៉ាតឆារ៉ាសាក់ ស៊ុមិន ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរឣ្នកដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន ព្រោះបានសេពក្លាយជាញៀនខានមិនបានទៅហើយរួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា មុនបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី

លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញាឣមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុងតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃឣាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឣនុវត្តតាមនីតិវិធី៕