សន្ដិសុខសង្គម

លិចទូកកណ្តាលបឹងបណ្តាលឲ្យស្លា.ប់មនុស្ស ៣នាក់

ដោយ÷សុខុម
ក្រចេះ៖ មនុស្ស ៣នាក់ បានស្លា.ប់ និងពីរនាក់ទៀតជួយសង្គ្រោះទាន់ពេលវេលាក្នុងហេតុការណ៍ជិះទូករួមគ្នាដឹកកសិផលដំឡូងមីពីចម្ការមកផ្ទះ ហើយបានជួបឧបសគ្គខ្យល់បក់បោកខ្លាំងបណ្តាលឱ្យលិចទូកនៅកណ្តាលផ្ទៃទឹកបឹងកាលពីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ។

នៅក្នុងឧបទ្ទវហេតុនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា ប្រើប្រាស់ទូក ៧គ្រឿង ដើម្បីចុះរុករក និងជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទាំង ៥នាក់ ដែលត្រូវបានលិចបាត់ទៅក្នុងផ្ទៃទឹកបឹង។ ខណៈនោះ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសព ២នាក់ បាត់ខ្លួន០១ និង សមត្ថកិច្ចបានបន្តរុករក និងពីរនាក់ទៀតត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា។

សាកសពជនរងគ្រោះត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃទឹកបឹង នៅរសៀលថ្ងៃម្សិលមិញនោះ មានចំនួន ២នាក់ គឺ ១.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ ២៤ឆ្នាំ និង២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២១កញ្ញានេះ សាកសពបុរសម្នាក់ទៀត ត្រូវបានរកឃើញ មានឈ្មោះ បាវ ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សាក្សីអ្នកបើកទូកនៅក្នុងហេតុការណ៍នោះ បាននិយាយថា មូលហេតុដែលបណ្តាលឲ្យលិចទូកដឹកដំឡូងមីនេះ គឺបណ្តាលមកពីមានខ្យល់បក់បោកមកខ្លាំង និងមានទឹករលកធំៗ វាយរុញច្រានទូកឲ្យលិច នៅក្នុងពេលនោះ។

សាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ទៅក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕