ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់រដ្ឋបាលក្រុង ស្រុកទាំង ១០ ពោល គឺស្រុក ក្រុងដែលនៅជាប់ដងទន្លេមេគង្គ ដោយយកចិត្តទុកដាក់ខ្ពស់ សុខសុវត្ថិភាព ប្រជាពលរដ្ឋ ជាពិសេសមើលថែកុមារតូចៗ ចំពោះលំនៅឋាននៅក្បែរប្រភពទឹកជំនន់។
ការស្នើរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ កញ្ញា ខណៈដែលឯកឧត្តមបានដឹកនាំសហការី ជាអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ បានអញ្ជើញចុះពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ព្រែកតាឃ្លោក ត្រូវទឹកជំនន់ទន្លេមេគង្គកម្ពស់ប្រមាណ ១៣ ម៉ែត្រជន់លិចផ្លូវបេតុងចម្ងាយច្រើនរយម៉ែត្រ រវាងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំ-ស្រុកកោះសូទិន។
ឯកឧត្តមបានមានប្រសាសន៍ថា៖ កម្ពស់ទឹកជំនន់ទន្លេមេគង្គ ១៣ ម៉ែត្រនេះបានហូរចូលព្រែកចំនួន ២៧ កន្លែង ក្នុងចំណោមព្រែកសរុបចំនួន ៤១ កន្លែង។ ដូច្នេះស្នើដល់រដ្ឋបាលស្រុក ក្រុង ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់លើការងារមួយចំនួន៖ ទី១.ត្រូវចុះពិនិត្យកន្លែងដែលមានទឹកហូរចូលព្រែក និងកន្លែងទឹកភ្លៀងដក់ ដែលមានប្រជាពលរដ្ឋមកលេងកម្សាន្ត។ សូមធ្វើការណែនាំឲ្យពួកគាត់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមាតាបិតា អាណាព្យាបាល ត្រូវមើលថែទាំកូនចៅ ឬក្មេងតូចៗ ឱ្យបានហ្មត់ចត់ និងមិនត្រូវឱ្យមកលេងទឹកឡើយ ។ ទី២.ចំពោះម្ចាស់ទូកដ ប្រកបអាជីវកម្មចម្លង នៅតាមទីកន្លែងព្រែកដែលបានលិច សូមពិនិត្យមើលបច្ចេកទេសឱ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យា ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ។ ទី៣.ត្រូវបន្តតាមដានពីសកម្មភាពបង្កបង្កើនផល របស់ប្រជាកសិករ ជាពិសេស លើផលប៉ះពាល់ទឹកជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដោយរាយការណ៍បន្ទាន់មកថ្នាក់ខេត្ត ដើម្បីដាក់វិធានការ និងចុះអន្តរាគមន៍ទាន់ពេលវេលា និងទី៤.ក្រុមការងារគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត និងមន្ទីរសុខាភិបាល រៀបចំផែនការធានានូវកិច្ចការសង្គ្រោះបន្ទាន់ទៅដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ខណៈពេលដែលទឹកជំនន់កំពុងតែកើតមានឡើង៕