ដោយ : បន្ទាយ
កំពង់ធំ ៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលពាមបាង សង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក កើត គា នាយអធិការកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាងនិងទីបញ្ជាការស្រាលប្រចាំតំបន់៣ស្រុកស្ទោង ចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចចាប់ពីបាឡតដល់ប្រលិចច្រកែង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។នេះបើតាមមន្ត្រីជំនាញឲ្យដឹងនៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤។
លោក ជិន ស៊ីថា បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប លទ្ធផលអនុវត្តបាន (០១ ករណី) បានរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹក ចំនួន០៩ របាំងប្រវែង ២៧០០ ម៉ែត្រ ឡុកចំនួន១៨គ្រឿង លប/លូចំនួន៣៦មាត់ បង្គោលចំនួន១៥០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៥៧០ គីឡូក្រាមចូលទន្លេវិញ។
ជាមួយគ្នានេះផងដែរ ខណ្ឌរដ្ឋបាលជលផលបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមចូលរួមថែរក្សាប្រភេទត្រីនៅបឹងទន្លេសាប គឺធ្វើយ៉ាងណាការពារឱ្យបានល្អប្រសើរ ចៀសវាងការប្រើឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យដាច់ពូជត្រីនៅក្នុងសហគមន៍របស់ខ្លួន។ ក្រុមការងារទាំងអស់នៅក្នុងសហគមន៍សូមរាយការណ៍ប្រសិនបើមានជនខិលខូចនៅតែប្រើឧបករណ៍ខុសច្បាប់ ត្រូវរាយការណ៍មកកម្លាំងជំនាញជាបន្ទាន់ដើម្បីចុះបង្ក្រាបឱ្យបានទាន់ពេលវេលា៕