ដោយ : បន្ទាយ
ឧត្តមានជ័យ : មានសម្តេចសង្ឃ រាជាគណ: មន្ត្រីសង្ឃ មន្ត្រីរាជការ កងកម្លាំង មហាជន ពោលគឺភ្ញៀវក្នុង-ក្រៅខេត្តយ៉ាងច្រើនកុះករបានបន្តបណ្តាក់គ្នាទៅទស្សនាប្រាសាទតាមាន់ធំលើខ្នងភ្នំដងរែក ប្រាសាទតាមាន់ធំនាភូមិតាមន្តសែនជ័យឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។នេះបើគិតពីថ្ងៃទី០៩ដល់១២ខែកញ្ញា ឆ្នាំ២០២៤។
លោកមាន ចាន់ យ៉ាដា អភិបាលខេត្តឧត្តរមានជ័យអោយដឹងកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ ថា: មានបងប្អូនប្រជាពលរដ្ឋស្រុកចុងកាល់ អញ្ជើញទស្សនាប្រាសាទតាមាន់ ដោយសេចក្តីសប្បាយរីករាយ និងពោរពេញដោយមោទនភាពបំផុត។ បន្ទាប់ពីទស្សនាប្រាសាទដូនតាខ្មែរដ៏ពិសិដ្ឋនេះ បងប្អូនមានក្តីសប្បាយ មានមោទនភាពដែលបានមកទស្សនាប្រាង្គប្រាសាទកេរដំណែលដូនតាខ្មែរយើង។ សូមអរគុណដល់រាជរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំង អ្នកពាក់ព័ន្ធដែលបានថែរក្សាការពារបូរណភាពទឹកដី ព្រំដែន ប្រាង្គប្រាសាទខ្មែរ។
បងប្អូនប្រជាពលរដ្ឋស្រុកត្រពាំងប្រាសាទ ,ក្រុងសំរោង, ស្រុកអន្លង់វែងទស្សនា និងម្ចាស់ភូមិសាស្ត្រគឺស្រុកបន្ទាយអម្ពិល ក៏បានទៅប្រាសាទតាមាន់ធំដែរ។
ចំណែកបងប្អូនអ្នកតាកែវ ចំណាយច្រើនរយគីឡូម៉ែត្រ ក៏មកលេងប្រាសាទតាមាន់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ បងប្អូនមានចំណាប់អារម្មណ៍និងមោទនភាពណាស់ ។
លោកមាន ចាន់យ៉ាដា បានបន្តថា: បន្ថែមលើនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋនិងសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ក៏សព្វព្រះទ័យដឹកនាំរាជាគណ: មន្ត្រីសង្ឃទស្សនកិច្ចនៅប្រាសាទតាមាន់ធំពោរពេញដោយទឹកព្រះទ័យមោទកភាព និងសោមនស្សរីករាយក្រៃលែងផងដែរ
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ។
លោកអភិបាលខេត្តឧត្តរមានជ័យថ្លែងយ៉ាងដូច្នេះថា : “ទូលព្រះបង្គំខ្ញុំព្រះករុណា សូមអរព្រះគុណចំពោះព្រះវត្តមានសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រមទាំងព្រះមន្ត្រីសង្ឃ ដែលនិមន្តផ្តល់ឱវាទសំណេះសំណាលនិងអប់រំផ្សព្វផ្សាយពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃ និងគណៈកម្មការវត្តនៅទូទាំងខេត្តឧត្តរមានជ័យ រួចបានយាង និមន្តទៅទស្សនាប្រាសាទតាមាន់ធំ ។
សូមរំលឹកដែរថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤លោកអភិបាលខេត្តនិងក្រុមការងារ បានចុះពិនិត្យស្ថានភាពនិងវឌ្ឍនភាពការងារសាងសង់អាងស្តុកទឹកនៅភ្នំដងរែកក្បែរប្រាសាទតាមាន់ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់កងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ឈរជើងប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ ផងដែរ ៕