សន្ដិសុខសង្គម

ដីឆ្នេរអង្កោលមួយកន្លែងរងការបំពានដោយចាក់ដីលុបពីអ្នកមានស្តុកស្តម្ភម្នាក់

ដោយ៖ កំចាយ

កែប÷ អ្នកមានទ្រព្យធនដ៏ស្តុកស្តម្ភម្នាក់បានព្យាយាមបំពានយកឆ្នេរអង្កោលមួយកន្លែងតាមរយ:ការប្រើវិធីរៀបលូជាខឿនចាក់ដីលុបដោយមិនខ្វល់ចំពោះបម្រាមរបស់អាជ្ញាធរ។

ដីឆ្នេរសមុទ្រដែលរងការបំពានទាំងមិនកោតញញើតច្បាប់នោះមានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។ អាជ្ញាធរធ្លាប់បានជូនដំណឹង ព្រមទាំងតម្រូវឲ្យអ្នកប្រព្រឹត្តធ្វើកិច្ចសន្យាកាយដី និងលើកយកលូចេញតាំងពីចុងឆ្នាំ២០២៣ ខណ:ពេលការបំពានចាប់ផ្តើមឡើង។ ជាមួយនឹងភាពមិនអើពើចំពោះចំណាត់ការរបស់អាជ្ញាធរ ថ្មីៗនេះ ជនដដែលនោះបានលបលួចចាក់ដីបន្តទាំងរំលងអធ្រាត្ររហូតបង្កការរិះគន់ពីប្រជានេសាទ។

ចំពោះករណីខាងលើ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា កាលពីរំលងអធ្រាត្រថ្ងៃអាទិត្យ លោកបានទទួលសេចក្តីរាយការណ៍ពីប្រជានេសាទថាមានរថយន្តកំពុងចាក់ដីលុបឆ្នេរត្រង់កន្លែងធ្លាប់ហាមឃាត់។ ជាថ្ងៃអាទិត្យ និងពេលយប់ផង អាជ្ញាធរពិបាកចុះទប់ស្កាត់ដោយសកម្មភាពនោះបានធ្វើរហូតដល់ម៉ោង៤ទៀបភ្លឺគ្រឿងចក្រឈូសឆាយក៏ដកចេញវិញ។ លោកអភិបាលស្រុកបានបន្តថា បញ្ហានេះក្រុមការងារស្រុកនឹងចុះធ្វើកំណត់ហេតុដើម្បីបញ្ជូនបន្តទៅរដ្ឋបាលខេត្ត។ អាជ្ញាធរស្រុកធ្លាប់ណែនាំជាច្រើនលើកច្រើនសាមកហើយ ថែមទាំងមានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកែបបានចុះមកបញ្ជាឲ្យផ្អាកគ្រប់សកម្មភាពទាំងអស់ព្រោះជាអំពើល្មើសច្បាប់។

សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកដំណើរបានប្រទះឃើញសកម្មភាពរៀបលូ រួចចាក់ដីលុបឆ្នេរសមុទ្រស្ថិតនៅភូមិអង្កោល ឃុំអង្កោលបង្កឲ្យមានការរិះគន់នូវភាពទន់ខ្សោយរបស់អាជ្ញាធរ។ ឆ្លើយតបចំពោះបាតុភាពនោះ អាជ្ញាធរស្រុកបានចុះពិនិត្យជាក់ស្តែង និងរកឃើញថាស្ត្រីឈ្មោះ ម៉ៅ ញីប ជាអ្នកប្រព្រឹត្ត រួចក៏បញ្ជាឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ ជាមួយនេះរដ្ឋបាលស្រុកដំណាក់ចង្អើរបានកោះហៅអ្នកប្រព្រឹត្តឲ្យចូលបំភ្លឺ និងធ្វើកិច្ចសន្យារុះរើចេញវិញអំឡុងពេលមួយសប្តាហ៍។ ព្រោះតែមិនឃើញអ្នកប្រព្រឹត្តអនុវត្តតាមការណែនាំ ពាក្យរិះគន់បានបង្កើនការដាក់បន្ទុកលើអាជ្ញាធរនូវភាពព្រងើយកន្តើយដោយសង្ស័យថាអាចមកពីមានអ្វីជាអាថ៌កំបាំង។ គ្រានោះ ពោលគឺនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាង ឆៃ បានបញ្ជាក់ថា ដោយសារអ្នកដាក់លូ និងចាក់ដីមានជំងឺទើបសុំពន្យារពេលសិន៕