ភ្នំពេញ៖ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2024” ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ នៅខេត្តបាត់ដំបង ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ នៅបរិវេណផ្សារទំនើប ភូ ពុយ ខេត្តបាត់ដំបង ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់ ដែលនៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញថៃជាច្រើនប្រភេទ ដែលជាទំនិញមានគុណភាពល្អ និងដើម្បីរកតំណាងចែកចាយនៅកម្ពុជា ។
ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ៤០ ក្រុមហ៊ុន មានស្តង់សរុបចំនួន ៥០ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា ៖
១. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ
២. សម្លៀកបំពាក់ និង វាយនភណ្ឌ
៣. គ្រឿងសម្អាង និងទំនិញសុខភាព សម្ផស្ស
៤. សំភារប្រើប្រាស់ក្នុងផ្ទះ និង សំភារផ្ទះបាយ
៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ
៦. សំភារធ្វើពីស្បែក និង ស្បែកជើង
៧. សំភារតុបតែងផ្ទះ
៨. សំភារសំណង់
៩. ទំនិញឧបភោគ បរិភោគ
១០. ទំនិញផេ្សងៗជាច្រើនទៀត
យោងតាមស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024» នេះគឺ មានគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃឲ្យមាឱកាសបានទិញទំនិញថៃ គុណភាពល្អ ក្នុងតម្លៃសមរម្យ។
ម៉្យាងទៀត ការរៀបចំពិព័រណ៍នេះ ក៏ដើម្បីរិតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ហើយក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ មានរៀបចំការប្រគំតន្ត្រីដ៏ធំដែលមានតារាចម្រៀងនិងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ ៕