ព័ត៌មានជាតិ

អាជ្ញាធរស្នើឲ្យមន្ទីរបរិស្ថានពង្រឹងការចុះល្បាតបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិខេត្តកំពង់ធំ

ដោយ : បន្ទាយ
កំពង់ធំ÷ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន  អភិបាលខេត្តស្នើអោយមន្ទីរបរិស្ថានខេត្តរួមគ្នាពង្រឹងការចុះល្បាតបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្ក ទាំងតំបន់វាលលើ ទាំងតំបន់វាលក្រោម ។

នេះបើតាមមន្ត្រីជំនាញខាងលើអោយដឹងកាលពីរសៀលថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២៤ ពេលលោកអភិបាលខេត្តអញ្ជើញទៅសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានធ្វើការបង្ហាញពីការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងច្បាប់ស្តីពីក្រមបរិស្ថាន និង ធនធានធម្មជាតិ ដោយគ្រប់រូបភាព។
ក្នុងនោះបង្ហាញពីការពង្រឹងការចុះល្បាតទប់ស្កាត់ បង្ការនិងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្ម ជាតិភូមិសាស្ត្រខេត្ត និងចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថានតាមបណ្តាក្រុង/ស្រុក ក្នុងភូមិសាស្ត្រខេត្ត។

បើតាម លោក តុប កក្កដា មន្ទីរក៏បានជំរុញដល់ម្ចាស់គម្រោង ឬម្ចាស់អាជីវកម្មឱ្យធ្វើកិច្ចសន្យាការពារបរិស្ថាននិងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម រាល់គម្រោងអភិវឌ្ឍន៍ អាជីវកម្ម នានា។

ក្នុងពិធីនោះ លោក នួន ផារ័ត្ន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបរិស្ថាន ដែលជាឧត្តមប្រយោជន៍មួយរបស់ខេត្ត ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តមានបរិស្ថានល្អ ប្រកបដោយភាពបៃតង ស្រស់បំព្រង ស្របប្រធានបទ:”កម្ពុជាស្អាត ខ្មែរធ្វើបាន” និងបង្កើនការដាំដុះកូនឈើលើដីដែលបានដកហូតពីការរំលោភបំពានរបស់ជនខិលខូចមួយចំនួន ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ។

លើសពីនេះទៀត លោកនួន ផារ័ត្ន បានជំរុញដល់ប្រធានមន្ទីរបរិស្ថាន និងមន្ត្រី ឧទ្យានុរក្សត្រូវពង្រឹងវិន័យការងារឱ្យបានល្អ ជាពិសេសរួមគ្នាទប់ស្កាត់ការពារធនធានធម្មជាតិ ទាំងតំបន់វាលលើ ទាំងតំបន់វាលក្រោម ពោលគឺទាំងនៅតំបន់កវាលលើដែលដីខ្ពស់ ខ្ពង់រាប កូនភ្នំនិងតំបន់វាលក្រោមជាតំបន់ទំនាបជាប់មាត់បឹងបួ អូរស្ទឹង ទំនាបមាត់បឹងទន្លេសាប ៕