សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន៤នាក់ទៅសាលាដំបូងខេត្តករណីពាក់ព័ន្ធគ្រឿងញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷ មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១ និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះទៅបង្រ្កាបដល់កន្លែងកេីតហេតុ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៤ថា: ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីសន្តិសុខ លោកបានដឹកនាំកម្លាំងនិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១.ឈ្មោះ ថាណាផន ថងខាំ  ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ, ២-ឈ្មោះ សុវ៉ាត់ ណាក់កងឌី  ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ, ៣-ឈ្មោះ សេង ភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ខៀវ ខាវ  ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង, កាបូបស្ពាយ ចំនួន០១ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕