ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យជាង៣០០នាក់នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋឃុំកោះសូទិន

ដោយ៖ គង់ហេង
កំពង់ចាម៖ លោកគ្រូ អ្នកគ្រូពេទ្យ នៃសមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសរុបជាង ៣០០ នាក់ បានបានសហការជាមួយអាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងវិទ្យាល័យ កោះសូទិន ស្ថិតក្នុងឃុំ-ស្រុកកោះសូទិនរយៈពេលមួយថ្ងៃ នៅថ្ងៃទី ៧ កញ្ញានេះ។

នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក្នុងពិធីបើកការពិនិត្យសុខភាព និងព្យាបាលជំងឺប្រមាណជាង ១០ មុខជូនប្រជាពលរដ្ឋមិនយកសេវា។

ឯកឧត្តមបណ្ឌិតជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មានប្រសាសន៍ថា៖ ក្នុងនោះមានដូចជាជំងឺ កុមារ,ជំងឺមនុស្សចាស់,ជំងឹទូទៅ,ជំងឺបេះដូង និងសរសៃឈាម,ជំងឺវះកាត់ និងជំងឺសន្លាក់,ជំងឺមាត់ធ្មេញ,រោគស្រ្តី និងពិនិត្យផ្ទៃពោះ,ជំងឺត្រចៀក ច្រមុះ បំពង់ក,ជំងឺសើរស្បែក និងកាមរោគ។ ជាមួយនោះក៏មានផងដែរនូវមន្ទីរពិសោធចល័ត និងផ្នែកអេកូសាស្រ្ត។ការពិនិត្យ និងព្យាបាលនេះ នៅបន្ទប់ថ្នាក់រៀន ទៅតាមប្រភេទជំងឺនីមួយៗ ដូចបានរៀបរាប់ខាងលើ៕