ដោយ : បន្ទាយ
សៀមរាប៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ បានដាក់ដំណើរការកម្មវិធីហ្វឹកហ្វឺនស៊ីមូលឡេសិន( Simulation) ដែលជាប្រព័ន្ធហ្វឹកហ្វឺនតាមបែបបច្ចេកវិទ្យាកុំព្យូទ័រ ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៤ ថា: ប្រព័ន្ធនេះអាចឲ្យសិក្ខាកាមអនុវត្តដូចនៅក្នុងពិភពពិត ជាលក្ខណៈឯកត្តជន ជាក្រុម និងអាចប្រកួតគ្នាបាន ដោយអាចបង្កើតសេណារីយោសិប្បនិម្មិតតាមតម្រូវការ ស្របតាមស្ថានភាពជាក់ស្តែង។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានឲ្យដឹងថា: កម្មវិធីហ្វឹកហ្វឺន Simulation បានផ្តល់អត្ថប្រយោជន៍ដូចជា៖
– ចំណេញការប្រើប្រាស់គ្រាប់ពិត
– ចំណេញការប្រើប្រាស់ទីលានហ្វឹកហ្វឺន
– កម្មវិធីហ្វឹកហ្វឺនអាចបត់បែនបានគ្រប់ស្ថានភាពតាមតម្រូវការ
– បង្កើននូវប្រសិទ្ធភាព និងសុវត្ថិភាព
– បំណិនក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័សក្នុងពេលប្រតិបត្តិការជាក់ស្តែង។
សូមរំលឹកថា កម្មវិធីហ្វឹកហ្វឺនស៊ីមូលឡេសិន( Simulation)នេះត្រូវដាក់ឲ្យដំណើរការរួចហើយនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយលោកមេបញ្ជាការរូបនេះ កាលលោកនៅជានាយសេនាធិការកងរាជអាវុធហត្ថនិងសហការីដែលបានសិក្សានិងបណ្តុះបណ្តាលនៅក្រៅប្រទេស បានបង្កើតកម្មវិធីនេះឡើង៕