សន្ដិសុខសង្គម

កំពុងស្វែងរកមនុស្សបាត់ខ្លួនករណីទូកបុកគ្នាពីរគ្រឿង

ដោយៈសុខុម

ស្ទឹងត្រែងៈ គិតត្រឹមព្រឹកថ្ងៃទី៦កញ្ញា២០២៤នេះសមត្ថកិច្ចនិងក្រុមកម្លាំងមូលដ្ឋានពាក់ព័ន្ធ កំពុងបន្តស្វែងរកអ្នកនេសាទម្នាក់ដែលបាត់ខ្លួននៅក្នុងឧបទ្ទវហេតុបើកកាណូតបុកគ្នាកាលពីវេលាទៀបភ្លឺថ្ងៃទី៥កញ្ញា ឆ្នាំ២០២៤ នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹកដែលបង្កដោយកាណូតបើកបុកគ្នានៅចំណុចអូរថ្មលបក្រោមភូមិក្របីជ្រុំ ឃុំក្បាលរមាស កម្លាំងមូលដ្ឋានក្នុងភូមិ ឃុំបានធ្វើការស្រាវជ្រាវ ស្វែងរកដកហូតបានឧបករណ៍មួយចំនួន ។ ក្នុងនោះមានទូកស៊ីខេ០១គ្រឿង, ម៉ាស៊ីនលិចបាត់០១គ្រឿង, ត្រីចំនួន១៥គីឡូក្រាម,ក្បាលឆក់ប្រភេទ១២គ្រាប់០១គ្រឿង ។ ម្ចាស់សម្ភារនិងឧ​បករណ៍ខាងលើជារបស់ឈ្មោះ យ៉ា រស់នៅភូមិក្របីជ្រុំឃុំក្បាលរមាស     ស្រុកសេសាន  កំពុងបាត់ខ្លួន។

ដោយឡែកភាគីម្ខាងទៀតឈ្មោះ ពុន រស់នៅភូមិឃុំជាមួយគ្នា មានទូកស្មាច់០១គ្រឿង, ម៉ាស៊ីនម៉ាកTBC កម្លាំង១៨សេះ០១គ្រឿង រកពុំឃើញមានវត្ថុតាងបទល្មើសទេ ។លុះមកដល់ពេលព្រឹក ម្ចាស់ទូកដែលពុំមានគ្រោះថ្នាក់ក៏បានចូលរួមជាមួយអាជ្ញាធរ ចុះស្វែងរកអ្នកដែលកំពុងបាត់ខ្លួននោះផងដែរ ។

សូមបញ្ជាក់ថា ទូកទាំងពីរគ្រឿងនេះគឺអ្នកបើកទូកតែម្នាក់ដូចគ្នា ពុំមានអ្នករួមដំណើរឡើយ ៕