សន្ដិសុខសង្គម

ម៉ូតូបុ.កគ្នាបណ្តាលឲ្យមនុស្ស៣នាក់បានស្លា.ប់និងរបួ.សព្រោះតែខ្វះការប្រុងប្រយ័ត្ន

ដោយ៖កំចាយ
កំពត÷ ខណ:ពេលកំពុងធ្វើដំណើរស្របគ្នា ម៉ូតូមួយគ្រឿងបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យម៉ូតូមកពីក្រោយបុកពេញទំហឹងរហូតបុរសម្នាក់បានបាត់បង់ជីវិត ចំណែកយុវជននិងកុមារម្នាក់ទៀតរងរបួសធ្ងន់​ ដែលហេតុការណ៍នេះបានកើតឡើងក្នុងភូមិកំពង់គ្រែង​ ឃុំកំពង់គ្រែង​ ស្រុកទឹកឈូ​ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤​។

លោកវរសេនីយ៍ឯក សូ ប៊ុនធឿន​ អធិការនគរបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា៖ បុរសដែលបានស្លា.ប់ឈ្មោះ ជួប ជឿន អាយុ ៧១ឆ្នាំ​ មានទីលំនៅភូមិព្រៃត្នោត​ ឃុំកំពង់គ្រែង​ ស្រុកទឹឈូ​ ខេត្តកំពត។ ចំណែកកុមារត្រូវជាចៅរួមដំណើរជាមួយឈ្មោះ​ ជា គឹមឈន អាយុ ១៩ខែ។ ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ ណៅ ទិត អាយុ ២៦ឆ្នាំ​ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង​ ស្រុក​ទឹកឈូ​ ខេត្តកំពត។

លោកអធិការបានបញ្ជាក់ថា កាលពីម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី៣ ខែកញ្ញា គេឃើញម៉ូតូមួយគ្រឿងបើកបរដោយ​បុរសម្នាក់និងមានកុមារម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចផ្លូវខ្វែង ម៉ូតូនោះបានបត់ឆ្វេងក៏ត្រូវម៉ូតូមួយគ្រឿងមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យដួលទាំងសងខាង។

លោកវរសេនីយ៍បានបញ្ជាក់ទៀតថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញទាំង៣នាក់រងរបួសធ្ងន់ទើបហៅរថយន្ដដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ជាអកុសល បុរសវ័យចំណាស់រូបនោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ៕