ព័ត៌មានជាតិ

ក្រុមគ្រួសារអតីតយុទ្ធជន​៥​គ្រួសារ​ទទួលបានផ្ទះ១ខ្នង/គ្រួសារនិង​ផ្ទៃ​ដី​សម្បទាន​សង្គម​កិច្ច​ទំហំ​១,៥ហិកតា

ដោយ : បន្ទាយ
កំពង់ធំ : ប្រគល់ផ្ទះចំនួន៥ខ្នង និងដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារ១,៥ហិកតាជូនក្រុមគ្រួសារតីតយុទ្ធជនដែលគ្មានដី និងគ្មានផ្ទះពិតប្រាកដចំនួន៥គ្រួសារនៅក្នុងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង -ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងយោធិននារី នៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទៅប្រគល់។

នេះបើតាមមន្ត្រីសមាគមនេះអោយដឹងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៤​ ។
ពិធីនេះប្រព្រឹត្តទៅនៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម​ អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ក្នុងការសម្រេចឲ្យមានការផ្លាស់ប្ដូរសមាសភាពអតីតយុទ្ធជន ដែលបោះបង់ចោលដី​និង​លំនៅដ្ឋាន​និង​អតីត​យុទ្ធ​ជន​ចំនួន​៥​ គ្រួសារ​ថ្មីដែល​ត្រូវទទួលបានផ្ទះនិងដីសម្បទាសង្គមកិច្ច។

លោកពលបាលឯក​ ធី ធឿន​ អាយុ​ ៥៨ឆ្នាំ​ តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំង៥គ្រួសារ បានប្តេជ្ញាចិត្តក្នុងការរស់នៅថែរក្សាផ្ទះសំបែង ដែល​បាន​ផ្ដល់​ជូន​ដើម្បីបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារនីមួយៗឲ្យបានល្អប្រសើរ ដោយមិនបោះបង់ចោលដូចអ្នកមុនឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ព្រមទាំងលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានគិតគូរដោះស្រាយផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនរស់នៅនិងធ្វើជាកម្មសិទ្ធិតទៅ ៕