ព័ត៌មានជាតិ

នាឡិកាខ្នាតយក្សបានលេចចេញរូបរាងក្នុងក្រុងកំពតពេញលេញហើយ

ដោយ៖ កំពត

កំពត÷ សមិទ្ធផលថ្មីសន្លាងសម្រាប់បម្រើវិស័យឧស្សាហកម្មគ្មានផ្សែងគឺនាឡិកាខ្នាតយក្សបានលេចចេញរូបរាងពេញលេញហើយមកដល់រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នាឡិកាដែលជាផលិតផលទេសចរណ៍ឯកនេះមានទីតាំងស្ថិតក្នុងទឹកដីភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត កម្ពស់៣៥ម៉ែត្រ អង្កត់ផ្ចិតនៃរង្វង់មុខប្រវែង៩,៧០ម៉ែត្រ។

ក្រុមការងារដំឡើងនាឡិកាខាងលើបានប្រាប់ឲ្យដឹងថា ការសាងសង់នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជាត្រូវបានបញ្ចប់រួចរាល់នារសៀលថ្ងៃទី២៩ ខែសីហានេះហើយ។ សកម្មភាពសាងសង់ដោយយកចិត្តទុកដាក់ដែលសូម្បីពេលដំឡើងបញ្ចប់នៅថ្ងៃនេះក៏មានវត្តមានលោក ម៉ៅ ធនិន អភិបាលខេត្តកំពតអញ្ជើញចុះមកពិនិត្យផងនោះ គឺក្រុមការងារបានធ្វើយ៉ាងម៉ត់ចត់ដើម្បីសុវត្ថិភាពភ្ញៀវទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា នាឡិកាយក្សជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រដ្ឋបាលខេត្តកំពតសម្រាប់បម្រើវិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក៕