ព័ត៌មានជាតិ

សំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ : ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនាពេលកន្លងមក លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នូវអង្ករ ចំនួន១០តោន មីចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ ។

នេះបើតាមមន្ត្រីនគរបាលអោយដឹងកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៤ បន្ទាប់ពីពិធីធ្វើនៅបន្ទាយឆ្មារស្រុកថ្មពួក ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើបដិសណ្ឋារកិច្ច ថ្លែងអំណរគុណនិងគោរពជូនពរលោកអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូដែលឆ្លៀតពេលមកសួរសុខទុក្ខនិងផ្តល់អំណោយដល់កងកម្លាំង ។

លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម។

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកបានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ ក្នុងនោះក៏រួមទាំងការរួមចំណែកទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលថ្ងៃទី១៨ ខែសីហា កន្លងមកផងដែរ ៕