ដោយ៖ស-សម្បត្តិ
ភ្នំពេញ៖សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៤ បានឃាត់ខ្លួនលោក គុយ វ៉ាត ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់រាប់លានដុល្លារ ។
លោក គុយ វ៉ាត ដែលគេបានស្គាប់ថាជាម្ចាស់ហាងដ៏ល្បីល្បាញនៅកម្ពុជាគឺPark Café និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត មានទីតាំងនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២៤។
ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ជុំវិញការឃាត់ខ្លួនលោកគុយ វ៉ាត នេះគឺអាចជាប់ពាក់ព័ន្ធពីបទឆបោកប្រាក់ និងចេញមូលប្បទានបត្រ(Check)មិនមានសាច់ប្រាក់ពិតប្រាកដទៅដល់រាប់លានដុល្លារឯណោះ ។
សូមបញ្ជាក់ថា នៅពេលកន្លងមកនេះមានប្រជាពលរដ្ឋជាច្រើនបានដាក់ពាក្យបណ្តឹងជាច្រើនទៅតុលាការចំពោះលោកគុយ វ៉ាត ដោយពួកគេបានចោទប្រកាន់ទៅលើលោកគុយ វ៉ាត ថាបានពាក់ព័ន្ធនឹងការចេញមូលប្បទានបត្រអត់មានសាច់ប្រាក់ និងការឆបោកជាច្រើនករណីទៀត ។
ប្រភពព័ត៌មានពីបូលិសដែលអ្នកព័ត៌មានក្នុងស្រុកមួយចំនួនបានយកមកផ្សព្វផ្សាយបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ លោក គុយ វ៉ាត នឹងត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕